ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា គ្រាប់មីស៊ីលបាញ់ដោយកូរ៉េខាងជើង ជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប

អាមេរិកៈ ប្រភពពីមន្ត្រីយោធាទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានតាមដាន និងរកឃើញនូវអ្វីដែលពួកគេ បានប៉ាន់ប្រមាណថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ការសន្និដ្ឋានជំហានដំបូង បានបង្ហាញថា ក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយមធ្យម ដែលកើតឡើងនៅជិតតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ១១ និង ៥៧ នាទីព្រឹក (ម៉ោងនៅរដ្ឋហាវ៉ៃ)។

យោងតាមសេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងថា មីស៊ីលនេះ បានហោះរំលងភាគខាងជើងប្រទេសជប៉ុន មុនពេលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសជប៉ុន។

ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បាននិយាយថា មីស៊ីលនេះ មិនបានបង្កការគំរាមកំហែងដល់អាមេរិកខាងជើង ឬមូលដ្ឋានអាមេរិក នៅកោះហ្គាមនោះទេ៕

មតិយោបល់