ព័ត៌មានអន្តរជាតិ

ការវាយប្រហារដែនអាកាសរបស់រុស្ស៊ី កំពុងធ្វើឲ្យកក្រើកដល់កងកម្លាំងគាំទ្រ ដោយអាមេរិកនៅស៊ីរី

អាមេរិកៈ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែក លើគោលដៅមួយ នៅភាគខាងកើតប្រទេសស៊ីរី ដែលជាទីតាំងមួយ ត្រូវបានគេស្គាល់ថា មានកងកម្លាំងដែលគាំទ្រ ដោយអាមេរិកប្រឆាំងនិងក្រុមរដ្ឋអ៊ីស្លាមនៅទីនោះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមចម្រុះដឹកនាំដោយអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីវេលាម៉ោងប្រហែល ១២ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ កងកម្លាំងរុស្ស៊ីបានវាយប្រហារគោលដៅមួយ នៅភាគខាងកើតទន្លេ Euphrates ក្នុងប្រទេសស៊ីរី ក្បែរទីក្រុង Dayr Az Zawr បានបង្កឲ្យមានការរងរបួសដល់ក្រុមកងកម្លាំងជាដៃគូ។

តាមសេចក្តីថ្លែងការណ៍ បានបន្ថែមថា «ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានប៉ះពាល់ដល់ទីតាំងមួយ ត្រូវបានគេស្គាល់ថា ជាដៃគូសម្ព័ន្ធរបស់រុស្ស៊ី ក្នុងនោះរួមមានទាំងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងក្រុមអ្នកប្រឹក្សាចម្រុះ ជាច្រើននាក់បានរងរបួស»។

សូមជំរាបថា SDF ជាសម្ព័ន្ធមិត្តរបស់ក្រុមឃឺដ និងអារ៉ាប់ ដែលគាំទ្រដោយអាមេរិក បានបញ្ជាក់ពីការវាយប្រហារនេះ ដោយត្រូវបានគេជឿថា វាជាលើកដំបូងហើយ ដែល SDF បានចោទប្រកាន់រុស្ស៊ី អំពីការទម្លាក់គ្រាប់បែករបស់ខ្លួន៕

មតិយោបល់