ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅក្បែរប្រទេសកូរ៉េខាងជើង

ចិនៈ អំទ្បុងពេលនៅតែមានភាពតានតឹង ជុំវិញមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កងទ័ពជើងទឹកក្រុងប៉េកាំង និងមូស្គូ បានចាប់ផ្តើមសមយុទ្ធរួមគ្នា ក្បែរប្រទេកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ មុនពេលកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ ខណៈដែលរឿងកូរ៉េខាងជើង ទំនងជាបញ្ហដ៏ធំនឹងត្រូវលើកទ្បើង ក្នុងមហាសន្និបាតនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ជាឆ្លើយតបទៅនឹងទណ្ឌកម្មពីអន្តរជាតិ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលលើកទី ៧ របស់ខ្លួន ហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃសុក្រ បន្ទាប់ពីរបបមួយនេះ ទើបតែបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងមក។

សូមជំរាបថា ការធ្វើសមយុទ្ធរួមគ្នានេះ នឹងធ្វើឡើងនៅត្រង់ចំណុចរវាងឈូងសមុទ្រ Peter the Great Bay ដែលស្ថិតនៅខាងក្រៅច្រកសមុទ្រ Vladivostok ភាគខាងកើតរុស្ស៊ី មិនឆ្ងាយប៉ុន្មានពីព្រំដែនរុស្ស៊ី-កូរ៉េខាងជើង និងភាគខាងត្បូងនៃសមុទ្រ Okhotsk ឆៀងខាងជើងនៃប្រទេសជប៉ុននោះទេ។

សមយុទ្ធនេះ គឺជាផ្នែកទី២ នៃសមយុទ្ធកងទ័ពជើងទឹករុស្ស៊ី និងចិននៅឆ្នាំនេះ ហើយក៏ជាផ្នែកដំបូងនៃការធ្វើសមយុទ្ធ នៅសមុទ្របាល់ទិកផងដែរ។

គួរបញ្ជាក់ដែរថា ចិន និងរុស្ស៊ី បានអំពាវនាវម្តងហើយម្តងទៀត ទៅកាន់ភាគីជាប់ពាក់ព័ន្ធក្នុងជម្លោះ ឲ្យមានដំណោះស្រាយដោយសន្តិភាព និងធ្វើការពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះ៕

មតិយោបល់