Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ត្រ...

លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យមានជំនួបពិភាក្សា ជាមួយមេដឹកនាំអ៊ីរ៉ង់ ដោយមិនចាំបាច់មានល័ក្ខខ័ណ្ឌ និងអាចធ្វើទៅបានគ្រប់ពេលណាទាំងអស់ ដែលប្រទេសទាំងពីរចង់បាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមានថា លោកចង់ជួប ជាមួយមនុស្សម្នាក់ ហើយលោកជឿថា គេម្នាក់នោះនឹងមានវត្តមាន នៅក្នុងកិច្ចប្រជុំ ជាមួយលោក។

វាត្រូវបានគេមើលឃើញថា ជាជំហរផ្សះផ្សាមួយរបស់លោក ត្រាំ ដែលបានកើតឡើងបន្ទាប់ពីលោក និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បានព្រមានក្នុងរូបភាពជាអមិត្តដាក់គ្នា នៅដើមខែនេះ។

ដោយកាលពីខែឧសភា រដ្ឋាភិបាលអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ដែលវាបានធ្វើទ្បើង ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិពីអ៊ីរ៉ង់។

មកទល់ពេលនេះ ក្រុងវ៉ាស៊ីនតោន កំពុងរៀបចំដាក់ការទណ្ឌកម្មទៅលើក្រុងតេអេរ៉ង់ឡើងវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត បើទោះជាមានការជំទាស់ពីចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ីនិងអាល្លឺម៉ង់ក៏ដោយ៕