រុស្សីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើងនូវសៀវភៅ សង្រ្គាមជំនាន់ថ្មីរបស់រុស្ស៊ី ពីសំណាក់សហរដ្ឋអាមេរិក ដោយខ្លួនជឿថា ក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា អាចនឹងមានឱកាស នៃការប៉ះទង្គិចគ្នារវាងកងទ័ពអាមេរិក និងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យស្ថានទូតរុស្ស៊ី នៅសហរដ្ឋអាមេរិកលោក Nikolay Lakhonin បាននិយាយថា ឯកសារមួយមានចំនួន ៦៨ ទំព័រ ត្រូវបានរៀបចំទ្បើង ដោយកងទ័ពអាមេរិក នៅខែធ្នូ ឆ្នាំ ២០១៦ និងបានចេញផ្សាយកាលពីដើមខែកញ្ញាកន្លងទៅ ដែលក្នុងអត្ថបទនោះ អ្នកនិពន្ធបានពិពណ៌នាស្ដីពីចក្ខុវិស័យនៃយុទ្ធសាស្ត្រយោធា ទៅលើភាពខ្លាំង និងខ្សោយរបស់កងទ័ពរុស្ស៊ី ក៏ដូចជាលក្ខណៈប្រយុទ្ធនៃយានយន្តរុស្ស៊ីផងដែរ។
លោកបានបន្ថែមថា «សៀវភៅរបស់មន្ទីរបញ្ចកោណនេះ បានបង្កឲ្យក្រុងម៉ូស្គូ មានការព្រួយបារម្ភថា ឯកសារទាំងនោះ ត្រូវបានក្រសួងការពារជាតិអាមេរិក រៀបចំទ្បើងដើម្បីយកទៅប្រើប្រាស់ សម្រាប់ផែនការផ្ទៃក្នុង ដែលវាជារឿងមួយ គួរឲ្យព្រួយបារម្ភបំផុតថា អាចនឹងមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធអាមេរិក និងរុស្ស៊ី។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ប្រទេសទាំងពីរត្រូវការ កិច្ចសហប្រតិបត្តិការជាក់ស្តែង លើបញ្ហាគន្លឹះសន្តិសុខ មិនមែនការផ្សព្វផ្សាយរឿងរ៉ាវ ដ៏គួរឲ្យខ្លាចនោះទេ ដោយលោកបានកត់សម្គាល់ថា ខ្លឹមសារនៃសៀវភៅនោះ គឺផ្ទុយពីលក្ខណៈស្ថាបនានៃកិច្ចចរចាររវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ៕
មតិយោបល់