ព័ត៌មានអន្តរជាតិ

ជប៉ុន គំរាមដាក់ទណ្ឌកម្ម ខណៈកូរ៉េខាងជើងគំរាមប្រើអាវុធនុយក្លេអ៊ែរ

បរទេស: សង្រ្គាមពាក្យសម្ដីមួយ បានកើតឡើងរវាងរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងជើង ដោយគោលនយោបាយក្រុងតូក្យូ គំរាមដាក់ទណ្ឌកម្ម និងប្រើកម្លាំងយោធាអាមេរិក ប្រឆាំងនឹងរបបដឹកនាំក្រុងព្យុងយ៉ាង ចំណែកឯកូរ៉េខាងជើងវិញ គំរាមបញ្ចេញអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បានអំពាវនាវដល់ប្រជាជាតិនានា ឲ្យជួយរាំងខ្ទប់ប្រភពសេដ្ឋកិច្ច នៅក្រៅប្រទេសរបស់ទីក្រុងព្យុងយ៉ាង រួមមានទំនិញ មូលនិធិ ពលករ និងបច្ចេកវិទ្យារបស់របបកុម្មុយនិស្តមួយនេះ ដើម្បីអាចជួយបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៅលើឧបទ្វីបកូរ៉េ។

លោកអាបេ បានសង្កត់ធ្ងន់ថា «យើងត្រូវធ្វើឲ្យកូរ៉េខាងជើងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងទាំងស្រុង ដោយការដាក់សម្ពាធបន្ថែមតាមរយ:ការទូត »។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឲ្យដឹងថា ការថ្លែងយ៉ាងដូច្នេះរបស់រដ្ឋាភិបាលជប៉ុន កំពុងញុះញង់ឲ្យមានភាពតានតឹងកើនឡើង នៅលើឧបទ្វីបកូរ៉េ ហើយវាជាទង្វើសម្លាប់ខ្លួនឯង ខណ:ដែលកូរ៉ខាងជើង គំរាមទៅវិញផងដែងថា នឹងបញ្ចេញអាវុធនុយក្លេអ៊ែររបស់ពួកគេ។

ប្រភព KCNA បានបញ្ជាក់ទៀតថា គ្មាននរណាម្នាក់ដឹងទេថា សង្គ្រាមនុយក្លេអ៊ែរ នឹងចាប់ផ្ដើមនៅពេលណានោះ ប៉ុន្តែប្រសិនបើមានមែននោះ ប្រជុំកោះជប៉ុន នឹងគ្រប់ដណ្ដប់ដោយ អណ្ដាតភ្លើងមួយរំពេច ៕

មតិយោបល់