ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់

អាមេរិកៈ លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា វាជាចំណាប់អារម្មណ៍ជាតិរបស់អាមេរិក ក្នុងការរក្សាកិច្ចព្រមព្រៀងដ៏សំខាន់មួយ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន ៦ ទៀត ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

ការកត់សម្គាល់របស់លោក Mattis បានធ្វើឡើងនៅឯសវនាការសភាជាតិអាមេរិក អំទ្បុងពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងធ្វើការពិចារណាថា តើគួរបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់ ដែលបានចរចារក្នុងអំឡុងពេលរដ្ឋបាល អតីតប្រធានាធិបតីមុន ឬយ៉ាងណា។

លោក Mattis បានផ្តល់សក្ខីកម្មនៅក្នុងសវនាការព្រឹទ្ធសភាថា «ចំណុចដែលខ្ញុំចង់ធ្វើ គឺអាចបញ្ជាក់ថាប្រទេសអ៊ីរ៉ង់ នៅតែបន្តកិច្ចព្រមព្រៀងនេះដដែល ហើយប្រសិនបើយើងអាចធ្វើវាបានមែននោះ វាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់យើង ជាជាងការលុបវាចោល»។

ក្នុងនោះលោកបានបន្ថែមថា លោកជឿជាក់ថា ការលុបចោលកិច្ចព្រមព្រៀង នៅពេលនេះ នឹងធ្វើឲ្យលេចទ្បើងនូវបញ្ហា ហេតុដូច្នេះ ការបន្តវាតទៅទៀត ជាអ្វីដែលប្រធានាធិបតី គួរតែពិចារណា» ។

គួររំឭកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ត្រូវបានធ្វើទ្បើងកាលពីខែកក្កដា ឆ្នាំ ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចចំនួន ៦ រួមមាន ចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលដ៏យូរ៕

មតិយោបល់