ហ្ស៊ីមបាវ៉េៈ ប្រធានាធិបតីរបស់ហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa បានលើកលែងទោសដល់អ្នកទោសចំនួន ៣.០០០ នាក់ ចេញពីពន្ធនាគារ ដែលវាជាវិធានការមួយ អាចជួយបន្ធូរបន្ថយភាពចង្អៀតណែនរបស់អ្នកទោស នៅក្នុងពន្ធនាគាររបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ នៅរដ្ឋធានីហារី ពន្ធនាគារហ្ស៊ីមបាវ៉េ និងភ្នាក់ងារកែប្រែ (ZPCS) បានប្រកាសថា «រាល់ស្ត្រីទាំងអស់ លើកលែងតែជនដែលជាប់គុកអស់មួយជីវិត និងអ្នកទោសអនីតិជនក្រោមអាយុ ១៨ ឆ្នាំ ត្រូវបានរដ្ឋាភិបាល ផ្តល់ការលើកលែងទោសឲ្យមានសេរីភាពទ្បើងវិញ។
ដោយទ្បែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកទោសដែលមានទោសក្រោម ៣៦ ខែ ហើយបានជាប់ទោស ក្នុងពន្ធនាគាររយៈពេលមួយភាគបួន និងអ្នកជាប់ឃុំមានជំងឺឈឺស្កាត់ ដែលពុំមានលទ្ធភាពថា អាចរស់រានមានជីវិតនោះ ក៏នឹងត្រូវដោះលែងផងដែរ។
សូមជំរាបថា ពន្ធនាគាររបស់ប្រទេសហ្សីមបាវ៉េ នាពេលបច្ចុប្បន្ននេះ មានអ្នកទោសរហូតដល់ ២០.០០០ នាក់ ខណៈដែលចំណុះក្នុងពន្ធនាគារ អាចដាក់អ្នកទោសបានត្រឹមតែចំនួន ១៧.០០០ នាក់ប៉ុណ្ណោះ៕
មតិយោបល់