ព័ត៌មានអន្តរជាតិ

លោក ត្រាំ រំពឹងថា នឹងដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់នាពេលឆាប់ៗនេះ

អាមេរិក: នៅសប្ដាហ៍ក្រោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសថា លោកគួររក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬធ្វើការផ្លាស់ប្ដូរយ៉ាងណាជាមួយអ៊ីរ៉ង់ ដែលក្នុងនោះ ក៏អាចឈានទៅដល់ការលុបចោលនូវកិច្ចព្រមព្រៀងមួយនេះផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមក្រុមមន្រ្តីក្រុងវ៉ាស៊ីនតោន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងទូលំទូលាយរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយដ៏សំខាន់ នៃការសម្រេចចិត្តរបស់លោក ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ប្រភពដដែល បានអះអាងថា នៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ លោក ត្រាំ នឹងផ្តល់សក្ខីកម្មដល់សភាថាតើទីក្រុងតេហេរ៉ង់ កំពុងគោរពតាមកិច្ចព្រមព្រៀងដែរឬទេ ហើយកិច្ចព្រមព្រៀងមួយនេះ នៅតែមានផលប្រយោជន៍ដល់អាមេរិក ក្នុងការរក្សាវាបន្តទៀតឬយ៉ាងណា។

សូមជំរាបថា ប្រសិនបើប្រធានាធិបតី ត្រាំ ធ្វើការសម្រេចថា កិច្ចព្រមព្រៀងនេះ លែងមានផលប្រយោជន៍អ្វីទៀតនោះ វាអាចនឹងបើកផ្លូវឲ្យសមាជិកសភាអាមេរិក ធ្វើការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលមានន័យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងលុបចោលនូវកិច្ចព្រមព្រៀងមួយនេះ៕

មតិយោបល់