ព័ត៌មានអន្តរជាតិ

ចិន ចាត់​វិធានការព្រមាននាវាពិឃាដអាមេរិក ដែលចូលមកក្បែរកោះជម្លោះនៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាល់ក្រុងប៉េងកាំង បានបញ្ជូននាវាបំពាក់មីស៊ីលមួយគ្រឿង យន្តហោះចម្បាំងពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីទៅព្រមាននាវាពិឃាដអាមេរិក USS Chafee ដែលចូលមកជិតកោះជម្លោះនៅសមុទ្រចិនខាងត្បូង ដោយក្រសួង​ការពារជាតិ​ចិន បាន​ចោទប្រកាន់អាមេរិកថា កំពុងបំផ្លាញអធិបតេយ្យភាពក្នុងតំបន់ និងផលប្រយោជន៍សន្តិសុខជាតិខ្លួន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

ក្រុងប៉េកាំង បានថ្កោលទោសចំពោះសកម្មភាពរបស់នាវាពិឃាដអាមេរិក ដែលបានធ្វើនាវាចរកាលពីថ្ងៃអង្គារ នៅចម្ងាយ ១៦ ម៉ាយល៍ពីទីប្រជុំកោះ Paracel ដែលកំពុងមានជម្លោះដ៏ចម្រូងចម្រាស នៅសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រឈមមុខនឹងសកម្មភាពបង្កហេតុម្តងហើយម្តងទៀត ពីសំណាក់កងកម្លាំងអាមេរិក បានធ្វើឲ្យយោធាចិន ពង្រឹងបន្ថែមទៀតនូវការរៀបចំ សម្រាប់ប្រយុទ្ធនៅសមុទ្រ និងលើអាកាសរបស់ខ្លួន ដើម្បីលើកកម្ពស់ការការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខក្នុងតំបន់។

ក្នុងនោះក្រសួងក៏បានបញ្ជាក់ទៀតថា ជុំវិញសកម្មភាពនាវាអាមេរិក USS Chafee នឹងធ្វើឲ្យប៉ះពាល់ដល់ការទុកចិត្តគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ ដោយវាអាចបង្កឲ្យមានឧប្បត្តិហេតុណាមួយ ដែលមិនចង់បាន៕

មតិយោបល់