ព័ត៌មានអន្តរជាតិ

សហគមន៍អន្តរជាតិ អំពាវនាវឲ្យមានដំណោះស្រាយសន្តិវិធី ចំពោះវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ចិនៈ មេដឹកនាំពិភពលោក បានជំរុញឲ្យមានដំណោះស្រាយ ដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹង និងក្ដីព្រួយបារម្ភពីសហគមន៍អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនមួយ ដោយអាចបំពាក់ជាមួយមីស៊ីលផ្លោងអន្តរទ្វីប ដែលវាជាការសាកល្បងអាវុធនុយក្លេអ៊ែរលើទី០៦ ដ៏មានឥទ្ធិពលបំផុតរបស់របបមួយនេះ។

សូមជំរាបថា ថ្វីបើទីក្រុងព្យុងយ៉ាង ត្រូវបានថ្កោលទោស ចំពោះសកម្មភាពបង្កហេតុរបស់ខ្លួនក៏ពិតមែន ប៉ុន្តែសហគមន៍អន្តរជាតិ នៅតែបន្តជំរុញឲ្យមានដំណោះស្រាយ ដោយសន្តិភាពជាជាងការធ្វើអន្តរាគមន៍យោធា ពីសំណាក់រដ្ឋាភិបាលអាមេរិក។

ដោយទ្បែកកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានពិគ្រោះយោបល់គ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដោយបានលើកទ្បើងរួមគ្នាថា ដំណោះស្រាយចុងក្រោយ ចំពោះបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចត្រូវបានរកឃើញ តាមរយៈមធ្យោបាយសន្តិភាព ជាមួយការពិភាក្សា និងចរចាគ្នា ពីសំណាក់ភាគីដែលពាក់ព័ន្ធ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីចិន កាលពីថ្ងៃពុធ ក៏បានទទូចឲ្យសមភាគីអាមេរិក ដោះស្រាយជម្លោះនេះ ដោយសន្តិវិធីផងដែរ ដោយលោកបានបន្ថែមថា ការពិភាក្សារួមជាមួយវិធានការគ្រប់ជ្រុងជ្រោយ គឺល្អបំផុតសម្រាប់ការស្វែងរកដំណោះស្រាយ រយៈពេលវែង ចំពោះបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

មតិយោបល់