កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានព្រមានដល់បណ្ដាប្រទេសនានា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទថា មិនត្រូវចូលរួមនៅក្នុងសកម្មភាពយោធា ជាមួយអាមេរិកដើម្បីប្រឆាំងនឹងកូរ៉េខាងជើងទ្បើយ ប្រសិនបើចង់មានសុវត្ថិភាព គេចផុតពីការសងសឹករបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
ការព្រមានយ៉ាងដូច្នេះ បានធ្វើទ្បើងដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ គឺលោក Kim In Ryong ក្រោមកិច្ចពិភាក្សាស្ដីពីអាវុធនុយក្លេអ៊ែរ ដោយគណៈកម្មាធិការមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
យោងតាមសុន្ទរកថារបស់លោក Kim បាននិយាយថា «ដរាបណាបណ្ដាប្រទេសនានា មិនចូលរួមក្នុងសកម្មភាពយោធារបស់អាមេរិក ប្រឆាំងនឹងរបបដឹកនាំក្រុងព្រុងយ៉ាងនោះ យើងក៏គ្មានចេតនាគំរាម ឬប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងទៅលើប្រទេសណាមួយឡើយ»។
ដោយលោក Kim បានបន្ថែមថា « ដីគោករបស់អាមេរិកទាំងមូល ស្ថិតនៅក្នុងជួរបាញ់របស់យើង ហើយប្រសិនបើអាមេរិក ហ៊ានលុកលុយដែនដីពិសិដ្ឋរបស់យើង សូម្បីតែមួយអ៊ីញក៏ដោយ វានឹងគេចមិនផុតពីការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងទ្បើយ ក្នុងនោះក៏រួមទាំងតំបន់គ្រប់ផ្នៃកទាំងអស់របស់ពិភពលោកផងដែរ» ។
សូមជំរាបថា ភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង បានកើនទ្បើងបន្ទាប់ពីមានការធ្វើតេស្តអាវុធជាបន្តបន្ទាប់ ពីសំណាក់ក្រុងព្យុងយ៉ាង រួមនិងសង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕

មតិយោបល់