ព័ត៌មានអន្តរជាតិ

ទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង កំពុងជួបបញ្ហា ខណៈដែលអាចនឹងចំណាយពេលច្រើនក្នុងការជុសជុល

កូរ៉េៈ តំបន់ Punggye-ri ត្រូវបានគេស្គាល់ថា ជាកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលមានទីតាំងនៅក្រោមដី ខាងក្រោមភ្នំ Mantap ខណៈតំបន់នោះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

គ្រាប់បែកនោះ ត្រូវបានគេប៉ាន់ស្មានថា មានទម្ងន់ ២៥០ គីឡូតោន ជាមួយអនុភាពខ្លាំងជាង ១៦ ទៅ១៧ ដងនៃគ្រាប់បែកបរមាណូ ដែលអាមេរិកបានទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន កាលពីឆ្នាំ ១៩៤៥ ទៅទៀត។

ការធ្វើតេស្តនោះ ក៏បានបណ្តាលឲ្យមានករណីរញ្ជួយដីជាបន្តបន្ទាប់ ក្នុងប្រទេស និងអាចបង្កឲ្យមានរណ្តៅមួយផងដែរ បន្ទាប់ពីការសាកល្បងនោះ។

សូមជំរាបថា ក្រោយពីការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលរួចមក ទីតាំង និងភូមិសាស្ដ្រនៅទីនោះ លែងមានស្ថេរភាព និងមិនអាចសាកល្បងអាវុធបន្តទៀតនោះទេ ដោយសារក្រោយពីការបំផ្ទុះវាកន្លងមក បានធ្វើឲ្យខូចទ្រង់ទ្រាយផ្ទាំងដីក្រោមដីរបស់ភ្នំ និងតំបន់នៅទីនោះប្រែប្រួល៕

មតិយោបល់