ព័ត៌មានអន្តរជាតិ

លោកពូទីន រិះគន់អាមេរិកទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់អាមេរិក ចំពោះការបរាជ័យក្នុងការចរចា ដើម្បីរក្សាកិច្ចព្រមព្រៀងអន្តរជាតិ ដោយលោកនិយាយថា ទីក្រុងម៉ូស្គូ នឹងមិនចាកចេញពីសន្ធិសញ្ញា ដែលមានស្រាប់នោះទេ ប៉ុន្តែនឹងធ្វើការឆ្លើយតបយ៉ាងបន្ទាន់ ប្រសិនបើក្រុងវ៉ាស៊ីនតោន សម្រេចចិត្តបោះបង់វាចោលនោះ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំ Q & A នៅឯក្លឹបពិភាក្សា Valdai ប្រចាំឆ្នាំនៅទីក្រុង Sochi ជាមួយអ្នកកាសែតអន្ដរជាតិ និងអ្នកជំនាញរុស្ស៊ី លោកពូទីន បានចាប់ផ្តើមរំឭកកម្មវិធីគ្រាប់នុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ប្រទេសខ្លួនពី Megatons ឆ្ពោះទៅ Megawatts បានដំណើរការនៅចន្លោះរវាងឆ្នាំ ១៩៩៣ និង ២០១៣ ដែលរុស្ស៊ីបានកាត់បន្ថយការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ២០,០០០ គ្រាប់។

ដោយលោកបានន្ថែមថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដកហូតអាវុធដ៏មានប្រសិទ្ធិភាពបំផុត នៅក្នុងប្រវត្តិសាស្ត្រ ខណៈដែលក្រុមមន្រ្តីអាមេរិក ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសរុស្ស៊ីចំនួន ១៧០ កន្លែង ដើម្បីចុះមកពិនិត្យមើលឲ្យបានច្បាស់ អំពីការកាត់បន្ថយអាវុធ និងទីតាំងផលិតវាជាអចិន្រ្តៃយ៍ផងដែរ ដោយទីនោះ ក៏មានការតុបតែងជាមួយទង់ជាតិអាមេរិកទៀតផង។

ក្នុងនោះលោកពូទីន បានបញ្ជាក់ថា គោលនយោបាយអរិភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងការលុបចោល កិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីការដកហូតអាវុធនៅពេលនេះ កំពុងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រលប់ទៅកាន់ទសវត្សរ៍ ១៩៥០ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ហើយ៕

មតិយោបល់