ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ប្រាប់អាមេរិកឲ្យមានការអត់ធ្មត់ លើបញ្ហាគឃ្លើនកូរ៉េខាងជើង អំទ្បុងការហៅទូរស័ព្ទជាមួយលោក ត្រាំ

ចិនៈ ប្រធានាធិបតីលោក ស៊ី ជីនពីង បានជំរុញឲ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់ ទៅលើឥរិយាបថរបស់កូរ៉េខាងជើង ក្នុងអំឡុងពេលហៅទូរស័ព្ទមួយ នៅថ្ងៃច័ន្ទនេះ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃមុនពេលនាវាចម្បាំងអាមេរិក Carl Vinson នឹងឆ្ពោះដំណើរមកដល់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភ ដោយលើកទ្បើងថា ក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្តនុយក្លេអ៊ែរ ឬបាញ់កាំជ្រួចមីស៊ីលមួយ ដើម្បីប្រារព្ធខួបលើកទី ៨៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េរបស់ខ្លួន នៅថ្ងៃអង្គារខាងមុខនេះ។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេស បាននិយាយថា លោក ស៊ី សង្ឃឹមថា ភាគីដែលពាក់ព័ន្ធ នឹងរក្សាការអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពណាមួយ ដែលអាចបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។

ក្នុងនោះ លោក ស៊ី បានបន្ថែមថា «មធ្យោបាយតែមួយគត់ ដើម្បីអាចរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ បានយ៉ាងឆាប់រហ័ស គឺសម្រាប់ភាគីដែលពាក់ព័ន្ធ ត្រូវការបំពេញភារកិច្ចរបស់ខ្លួន ដោយយោគយល់គ្នាទៅវិញទៅមក»។

វាជាលើកទីពីរហើយ រវាងជំនួបតាមទូរស័ព្ទ សម្រាប់មេដឹកនាំទាំងពីរ ចាប់តាំងពីជំនួបកំពូលរបស់ពួកគេ នៅឯរមណីយដ្ឋានដ៏ប្រណិតរបស់ប្រធានាធិបតីលោក ត្រាំ ក្នុងរដ្ឋផ្លរីដា នៅដើមខែនេះ។

គូរបញ្ជាក់ដែរថា ថ្លែងនៅក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍ លោក Mike Pence អនុប្រធានាធិបតីអាមេរិក បាននិយាយថា នាវាចម្បាំងអាមេរិក Carl Vinson នឹងមកដល់ដែនសមុទ្រជប៉ុន ជាប់ព្រំដែនឧបទ្វីបកូរ៉េ ជាឆ្លើយតបនឹងទង្វើគឃ្លើនរបស់ក្រុងព្យុងយ៉ាង៕

មតិយោបល់