ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ជម្លោះបែកអូរហូរស្ទឹង លន់ ស៊ីឡូ បុកOriginal Song ២បទ ឌឺតែម្ដង

ក្រោយបង្អួតបទ«ជួបស្នេហ៍ខែភ្ជុំបិណ្ឌ»ដែលជាបទ Original Song ហើយទទួលការគាំទ្រនៅលើហ្វេសប៊ុក គេឃើញតារាចម្រៀងលោក លន់ ស៊ីឡូ និងដៃគូចម្រៀងផ្ទុះជម្លោះដាក់គ្នាតែម្ដង ដោយសារតែលោកចោទថាដៃគូចម្រៀងរបស់លោកបានយកបទនោះទៅច្រៀងលើកញ្ចក់ទូរទស្សន៍ដោយគ្មានវត្តមានរបស់លោក ហើយជម្លោះបែកផ្សេងក៏កើតមានឡើងដល់ថ្នាក់អ្នករ៉េបចម្រៀងឲ្យលោកនៅក្នុងបទនោះក៏ត្រូវបែកខ្ញែក ហើយឈប់ចាប់ដៃគ្នា។

នៅលើបណ្ដាញហ្វេសប៊ុកគេឃើញ លោក និងគូចម្រៀងឈានដល់ការហែកហួរគ្នានោះផង ដោយសារតែការផ្ទុះជម្លោះហើយដណ្ដើមគុណសម្បត្តិថាខ្លួនទើបជាម្ចាស់បទ និពន្ធថ្មីពិតប្រាកដ។

ក្រោយការបែកបាក់មានអ្នកខ្លះយល់ថានឹងធ្វើឲ្យតារាចម្រៀងលោក លន់ ស៊ីឡូ បាត់ដៃសាំម្ខាងហើយមិនមានបទថ្មីចេញបង្អួតទីផ្សារនោះផង ប៉ុន្តែម្នាក់ៗមានការភ្ញាក់ផ្អើលទៅវិញ ក្នុងពេលដែលរឿងជម្លោះហែកគ្នាទើបតែស្ងប់មួយរយ: ស្រាប់តែលោកចេញ Original Song ២បទតែម្ដងឌឺដៃគូចម្រៀង ដែលផ្ទុយពីការលើកឡើងថាលោកបាត់ដៃគូគឺខ្វះសមត្ថភាពផលិតបទនិពន្ធថ្មីក្រោយពីបទបុណ្យភ្ជុំត្រូវគេដឹងថាមានដៃគូជាអ្នករួមចំណែកផលិតឲ្យ។

លោកលន់ ស៊ីឡូ បានអះអាងថាក្រោយការបញ្ចប់ជម្លោះលោកមិនត្រឹមតែខ្វះសមត្ថភាពផលិតបទនិពន្ធថ្មីប៉ុណ្ណោះទេ គឺថែមទាំងមានដៃគូផលិតបទឲ្យកាន់តែល្អជាងមុននោះផង។ ជាក់ស្ដែងលោកក្រៅពីបានផលិតបទ Original Song ២បទគឺបទ«Crush គេ Crush យើង» ដែលជាបទញាក់ដកស្រង់ពីភាសាពេញនិយមនៅលើហ្វេសប៊ុក និងបទ«ជីវិតតារា!» ដែលជាបទប្រភេទរ៉េបបែបមនោសញ្ចេតនា ចេញបង្ហោះក្ដៅៗ លោកក៏មានបទប្រភេទចម្លងសាច់ភ្លេងពីបទជំនាន់ដើម ហើយនិពន្ធទំនុកថ្មីដោយផ្ទាល់ដៃធ្វើជាបទចម្រៀងរបស់ខ្លួនផងដែរ។

លោកថាលោកអត់ទោមនស្សនឹងរឿងបាក់បែកដៃគូដែលធ្លាប់ធ្វើការជាមួយគ្នាយ៉ាងល្អនោះទេ ជាពិសេសដៃគូដែលដើរខ្សែលើ និងធ្វើឲ្យលោកទទួលរងនូវវិប្បដិសារីឆ្អែតចិត្តគ្រប់គ្រាន់ ក្រោយពីបានផ្ទុះជម្លោះ។ លោកមានការរំពឹងថាបទ Original Song ដែលបានផលិតក្រោយពីរឿងរ៉ាវជម្លោះស្ងប់ស្ងាត់នោះ នឹងល្បីសុះសាយព្រោះតែមានការគាំទ្រយ៉ាងពេញទំហឹងនោះផង ដោយលោកសម្អាងថាបទចម្រៀងទាំង២គឺមួយបទត្រូវនឹងបរិបទសម្រាប់អ្នកចូលចិត្តរាំលេងក្នុងឱកាសបុណ្យអ៊ុំទូក និងមួយបទទៀតនិយាយពីស្ថានភាពរបស់តារាសិល្ប: ដែលភាគច្រើនគឺត្រូវរឿងរបស់អ្នកគាំទ្រតារាផង និងត្រូវរឿងរបស់តារាសិល្ប:គ្រប់រូបផង។

លោកនៅមិនទាន់សម្រេចការកំណត់សម្រាប់ការថត MV នូវបទចម្រៀងទាំង២ដែលទើបតែបានផលិតឡើងនោះទេ ប៉ុន្តែបើបទទាំង២ទទួលបានការគាំទ្រខ្លាំងក្លា គឺលោកនឹងស្វែងរកថវិកាមកផលិតជាសាច់រឿងMV ឲ្យបានឆាប់ ជាពិសេសគឺបទ«Crush គេ Crush យើង» ដែលលោកថាជាបទដែលលោករំពឹងច្រើនជាងបទ«ជីវិតតារា»នោះ៕

មតិយោបល់