ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា ជប៉ុននឹងអាចបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង នៅលើអាកាសបាន ប្រសិនបើទិញអាវុធរបស់អាមេរិក

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា ជប៉ុននឹងអាចបាញ់ទម្លាក់មីស៊ីល កូរ៉េខាងជើងនៅលើអាកាសបាន ប្រសិនបើក្រុងតូក្យូទិញអាវុធអាមេរិក ខណៈដែលជប៉ុន បានប្រកាន់យកជំហរចៀសវាងមិនធ្វើដូច្នោះ រហូតមកទល់ពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Channel NewsAsia ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈដែលរបបមួយនេះ ក៏មិនមានការលាក់បាំងពីផែនការអភិវឌ្ឍអាវុធរបស់ខ្លួនទ្បើយ ដោយបានបញ្ជាក់ថា ទុកវាប្រើសម្រាប់ការវាយប្រហារអាមេរិក។

លោក ត្រាំ បានថ្លែងបន្ទាប់ពីជំនួបកំពូល ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ ថា «សម័យកាលនៃភាពអត់ធ្មត់ជាយុទ្ធសាស្រ្តអាមេរិក ជាមួយកូរ៉េខាងជើង ត្រូវបានបញ្ចប់ហើយ ដោយលោកអះអាងថា អាមេរិក និងជប៉ុន កំពុងធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពានដ៏គ្រោះថ្នាក់ ពីសំណាក់របបដឹកនាំកូរ៉េខាងជើង បន្ទាប់ពីបានបាញ់រ៉ុក្កែតចំនួនពីរគ្រាប់ ហោះរំលងប្រទេសជប៉ុន។

ក្នុងនោះដែរលោក ត្រាំ ក៏បានជំរុញឲ្យជប៉ុន កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយអាមេរិក រួមទាំងការទិញសម្ភារយោធាអាមេរិក បន្ថែមទៀតផងដែរ៕

មតិយោបល់