ព័ត៌មានអន្តរជាតិ

អាមេរិកជំរុញឲ្យចិនធ្វើសកម្មភាពប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិក: ក្នុងបទសម្ភាសមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមានទៅរដ្ឋាភិបាលក្រុងប៉េកាំងថា អាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពជាឯកតោភាគី ក្នុងការដោះស្រាយជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើចិន មិនបង្ហាញឲ្យឃើញពីឆន្ទ:ក្នុងការជួយដោះស្រាយនោះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសមួយ ជាមួយកាសែត Financial Times នៃទីក្រុងឡុងដ៍ លោក ត្រាំ បាននិយាយថា « មិនជាថ្វី ប្រសិនបើចិន មិនជួយដោះស្រាយរឿងកូរ៉េខាងជើងជាមួយយើង។ ទាំងនេះ ជាអ្វីដែលខ្ញុំចង់ប្រាប់ ទៅអ្នករាល់គ្នា »។

ការលើកទ្បើងរបស់លោក ត្រាំ បានធ្វើទ្បើងមុនពេលកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រខាងមុខនេះ នៅឯអគារ Mar-a-Lago របស់លោក ក្នុងរដ្ឋផ្លរីដា។

ភាពតានតឹងនេះ បានកើនឡើងកាន់តែខ្លាំង ខណ:ដែលកូរ៉េខាងជើង បានបង្កើនការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ចំពេលដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងមានមោទនភាពចំពោះខ្លួន ដោយនិយាយថា ប្រទេសរបស់លោក គឺស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប។

ក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅអាមេរិក បានព្រមានថា កូរ៉េខាងជើង អាចនឹងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរ ថ្មីមួយទៀត។

គួរបញ្ជាក់ដែរថា លោក ត្រាំ បាននិយាយប្រាប់កាសែត Financial Times ថា « ចិនមានឥទ្ធិពលយ៉ាងខ្លាំង លើប្រទេសកូរ៉េខាងជើង។ ជាហេតុនាំឲ្យយើងចង់ឲ្យចិន ធ្វើការសម្រេចចិត្តជួយ ចំពោះបញ្ហានេះ។ «ប្រសិនបើពួកគេយល់ព្រមជួយ នឹងជាល្អខ្លាំងណាស់ សម្រាប់ប្រទេសចិន ប៉ុន្តែតែប្រសិនបើពួកគេមិនព្រម វានឹងមិនល្អអ្វីទាំងអស់ ចំពោះនរណាម្នាក់ទ្បើយ»៕

មតិយោបល់