ព័ត៌មានអន្តរជាតិ

លោក ត្រាំ ពិភាក្សាជាមួយប្រធានាធិបតីបារាំង ជុំវិញវិបត្តិស៊ីរី និងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីបារាំង គឺលោក Emmanuel Macron កាលពីថ្ងៃចន្ទអំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន បានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើសារៈសំខាន់នៃដំណើរការទីក្រុងហ្សឺណែវ ដែលជាវេទិកាតែមួយគត់ សម្រាប់ការសម្រេចបាននូវដំណោះស្រាយនយោបាយ នៅក្នុងប្រទេសស៊ីរី។

តាមរយៈការសន្ទានតាមទូរសព្ទនោះ លោក ត្រាំ និងលោក Macron ក៏បានពិភាក្សាគ្នា ទាក់ទងនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធនៅស៊ីរី ចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនយោបាយទីក្រុងហ្សឺណែវ ដោយគ្មានលក្ខខណ្ឌ ដែលកិច្ចចរចាសន្តិភាពនេះ គ្រោងនឹងធ្វើនៅថ្ងៃអង្គារខាងមុខ ប៉ុន្តែរដ្ឋាភិបាលស៊ីរី មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ខ្លួននៅឡើយទេ។

គួររំឭកថា ជម្លោះប្រដាប់អាវុធនៅស៊ីរី បានផ្ទុះឡើងកាលពីឆ្នាំ ២០១១ ហើយប្រែក្លាយយ៉ាងឆាប់រហ័សទៅជាសង្គ្រាមស៊ីវិលពេញទី ដែលបានសម្លាប់មនុស្សជាង ៣៣០,០០០ នាក់ ខណៈមនុស្សរាប់ពាន់នាក់ទៀត បានរត់ភៀសខ្លួនចេញពីប្រទេសផងដែរ៕

មតិយោបល់