ព័ត៌មានអន្តរជាតិ

ជប៉ុនរកឃើញសញ្ញាបង្ហាញថា កូរ៉េខាងជើង នឹងធ្វើតេស្តបាញ់មីស៊ីលផ្លោងថ្មីមួយទៀត

ជប៉ុនៈ ប្រភពពីរដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនបានរកឃើញសញ្ញាវិទ្យុ ដែលបង្ហាញថា កូរ៉េខាងជើង អាចនឹងត្រៀមបាញ់មីស៊ីលផ្លោងថ្មីមួយទៀត បើទោះបីជាសញ្ញានេះ មិនប្រក្រតី ឬរូបភាពផ្កាយរណប មិនបានបង្ហាញពីសកម្មភាពច្បាស់លាស់ក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

បន្ទាប់ពីការធ្វើសេត្តមីស៊ីលជាបន្តបន្ទាប់ ក្នុងមួយខែពីរ ទៅបីដង ចាប់តាំងពីខែមេសាកន្លងមក កូរ៉េខាងជើងបានផ្អាក ការបាញ់សាកល្បងមីស៊ីល កាលខែកញ្ញា បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់រ៉ុក្កែតហោះរំលងកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន។

ប្រភពដដែល បានប្រាប់ភ្នាក់ងាររ៉យទ័រថា តាមរយៈសញ្ញានេះ គឺនៅមិនទាន់គ្រប់គ្រាន់ អាចកំណត់បានថា តើរបបដឹកនាំក្រុងព្យុងយ៉ាង នឹងធ្វើការបាញ់បង្ហោះឆាប់ៗនេះ ឬយ៉ាងណាទេ។

ដោយទ្បែករដ្ឋាភិបាលជប៉ុន បានប្រុងជើងការ បន្ទាប់ពីការចាប់សញ្ញាវិទ្យុ ដែលបង្ហាញថា ប្រទេសផ្ដាច់ការកូរ៉េខាងជើង អាចនឹងត្រៀមរៀបចំបាញ់មីស៊ីលផ្លោងថ្មីមួយ៕

មតិយោបល់