ព័ត៌មានអន្តរជាតិ

ខេត្តចំនួន ៨ នៅភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះដោយទឹកជំនន់

ថៃៈ នាយកដ្ឋានឧតុនិយម បានព្រមានខេត្តភាគខាងត្បូងប្រទេសថៃជាច្រើន នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខបន្ថែមទៀត ដែលបង្កឲ្យមានការព្រួយបារម្ភថា ស្ថានភាពទឹកជំនន់ អាចនឹងកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តភាគខាងត្បូងចំនួន ៨ កាលពីថ្ងៃអង្គារ ធ្វើការទប់ស្កាត់នឹងគ្រោះទឹកជំនន់ រួមទាំងការបាក់ដី ដែលកើតទ្បើងដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ។

រលកធំៗជាច្រើន ដែលមានកម្ពសដល់ ២ ទៅ៣ ម៉ែត្រ ត្រូវបានគេរំពឹងទុកថា នឹងកើតមាននៅឈូងសមុទ្រថៃ ហើយអ្នកដែលរស់នៅក្បែរឆ្នេរសមុទ្រភាគខាងកើត ត្រូវប្រុងប្រៀបខ្លួន ដើម្បីទប់ទល់នឹងខ្យល់បក់ខ្លាំង ក៏ដូចជារលកធំៗជាច្រើន ខណៈដែលទូកតូចៗ ត្រូវបានគេណែនាំ មិនឲ្យធ្វើដំណើរតាមសមុទ្រនោះទេ។

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីស្រុកទាំង ១១ នៅក្នុងខេត្ត Phatthalung ត្រូវបានប្រកាសថា ជាតំបន់រងគ្រោះដោយទឹកជំនន់៕

មតិយោបល់