ព័ត៌មានអន្តរជាតិ

កំហឹង​ រួមទាំងប្រតិកម្មបាន​ផ្ទុះ​ឡើង​​​យ៉ាង​ខ្លាំង និងព្រោងព្រាតនៅប៉ាឡេស្ទីន បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ

ប៉ាឡេស្ទីន: ការប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យមានការប៉ះទង្គិចគ្នា នៅប៉ាឡេស្ទីនជាបន្តបន្ទាប់ ដែលជំរុញឲ្យមានការភ័យខ្លាច ជុំវិញការបង្ហូរឈាមនៅក្នុងតំបន់ បន្ទាប់ពីការអំពាវនាវឲ្យមានសង្រ្គាម​អ៊ីនទីហ្វាដា (intifada) ជាថ្មីទ្បើងវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងការប្រកាសរបស់លោក ត្រាំ ក៏បានជំរុញឲ្យមានប្រតិកម្មការទូតជាសកល ដោយរួមទាំងការព្រមានពីប្រទេសតួកគី សហភាពអឺរ៉ុប និងរុស្ស៊ីផងដែរ។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បាននិយាយថា អនុប្រធានាធិបតីអាមេរិកលោក Mike Pence មិនត្រូវបានទទួលស្វាគមន៍ នៅប៉ាឡេស្ទីននោះទេ ខណៈដែលសេតវិមានបានព្រមានលុបចោលកិច្ចចរចា ដែលបានគ្រោងទុករវាងលោក និងប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស នៅចុងខែនេះ ថានឹងក្លាយជាផលវិបាក។

សូមជំរាបថា យោធាអ៊ីស្រាអែល បានដាក់ពង្រាយកងទ័ពបន្ថែមរាប់រយនាក់ ទៅកាន់តំបន់វេសប៊ែក ដែលខ្លួនកាន់កាប់ ខណៈមានការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានផ្ទុះឡើងនៅតាមតំបន់ជាច្រើន៕

មតិយោបល់