ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកចិន ចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតកូរ៉េខាងជើង ខណៈកូរ៉េខាងត្បូង និងអាមេរិក កំពុងបង្កើនសកម្មភាពយោធា

ចិន: នាវាចម្បាំងរបស់ក្រុងប៉េកាំង បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយ:ពេល ៤ ថ្ងៃ នៅជិតឆ្នេរសមុទ្រកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានព្រមានសកម្មភាពយោធារបស់អាមេរិក និងកូរ៉េខាងត្បូង កំពុងជំរុញភាពតានតឹងក្នុងតំបន់ ឆ្ពោះទៅរកសង្គ្រាមនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ការធ្វើសមយុទ្ធនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅឯឆ្នេរសមុទ្រទីក្រុង Lushun ភាគឦសានខេត្តឡៅនីង ប្រទេសចិន ដោយភ្នាក់ងារសន្តិសុខដែនសមុទ្រចិន បាននិយាយថា សមយុទ្ធនេះ ត្រូវបានប្រកាសធ្វើទ្បើងនៅលើក្រឡាផ្ទៃទំហំប្រមាណ ២៧៦ គីឡូម៉ែត្រ។

សូមជំរាបថា ទីក្រុង Lushun គឺជាមូលដ្ឋានកងទ័ពជើងទឹកដ៏សំខាន់មួយ របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលទទួលបន្ទុកផ្នែកការពារដែនសមុទ្រចិន ហើយពាក់ព័ន្ធនឹងសមយុទ្ធនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា នឹងមានវត្តមាននាវាចម្បាំងចំនួនប៉ុន្មានគ្រឿង ត្រូវចូលរួមនោះ៕

មតិយោបល់