ព័ត៌មានអន្តរជាតិ

អន្តរជាតិ បោះឆ្នោតដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ​នឹងបោះឆ្នោតលើដំណោះស្រាយថ្មីមួយ ដែលបានព្រាងឡើងដោយអាមេរិក ដើម្បីបង្កើនទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយដាក់កំហិតការផ្គត់ផ្គង់ប្រេង ដែលចាំបាច់សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននឹងកំពុងចរចាជាមួយសម្ព័ន្ធមិត្តក្រុងព្យុងយ៉ាង គឺប្រទេសចិន ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មថ្មី ដើម្បីឆ្លើយតបចំពោះការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់របបមួយនេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ។

ក្រុមអ្នកការទូត បាននិយាយថា ការបោះឆ្នោតនេះ ត្រូវបានកំណត់ពេលនៅម៉ោង ១ រសៀលនេះ ត្រូវនឹងម៉ោង ២ និង ៣០ នាទីទៀបភ្លឺថ្ងៃសៅរ៍ ក្នុងប្រទេសសិង្ហបុរី។

សេចក្តីព្រាងថ្មីនេះ គឺរឹតបន្តឹងលើការដឹកជញ្ជូនប្រេងឆៅ និងការចម្រាញ់ប្រេងទៅឲ្យកូរ៉េខាងជើង ដែលភាគច្រើនត្រូវបានផ្គត់ផ្គង់ ដោយប្រទេសចិន។

សូមជំរាបថា វិធានការនេះ នឹងហាមប្រាមការផ្គត់ផ្គង់ជិត ៩០ ភាគរយ នៃផលិតផលប្រេងទៅឲ្យកូរ៉េខាងជើង និងបញ្ជាឲ្យធ្វើមាតុភូមិនិវត្តន៍ ពលករជនជាតិកូរ៉េខាងជើងទាំងអស់ ដែលធ្វើការនៅបរទេសក្នុងរយ:ពេល ១២ ខែ៕

មតិយោបល់