កូរ៉េខាងជើង: ប្រទេសកូរ៉េខាងជើង បានធ្វើការរិះគន់ខ្លាំងៗមិនធ្លាប់មាន ទៅលើសហរដ្ឋអាមេរិក ថាមហាអំណាចនេះ អាងខ្លួនមានរិទ្ធិលើសគេ ចេះតែប្រើប្រាស់ទណ្ឌកម្ម ដើម្បីបង្ក្រាប ប្រទេសដែលប្រឆាំងនឹងខ្លួន ហើយតែងហៅទង្វើទាំងនោះថាជាទណ្ឌកម្ម ជំរុញឲ្យប្រទេសនានា ដើរលើផ្លូវត្រូវទៅវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានសារព័ត៌មានរដ្ឋរបស់ខ្លួន KCNA ដកស្រង់សម្តីទៀតថា នយោបាយអាមេរិកនោះ គឺជានយោបាយគគ្លើន ដែលតែងតាំងជម្រិត ប្រទេសនីមួយៗដោយទណ្ឌកម្ម ដើម្បីឲ្យពួកគេគោរពតាម។ ដូច្នេះទណ្ឌកម្មទាំងអស់នោះ ត្រូវបានកូរ៉េខាងជើង ហៅថាជាឬសគល់នៃបញ្ហាដែលឥតហេតុផលទាំងឡាយ ហើយវាក៏ជា មូលហេតុដែលនាំឲ្យមានភាពតានតឹង និង ប្រឈមមុខដាក់គ្នាផ្នែកការទូតជាលក្ខណៈអន្តរជាតិផងដែរ៕
មតិយោបល់