ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង អាចនឹងធ្វើកិច្ចចរចាជាមួយអាមេរិក នៅឆ្នាំ ២០១៨ខាងមុខ

កូរ៉េៈ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងទំនងជានឹងធ្វើកិច្ចចរចា ជាមួយអាមេរិក នៅឆ្នាំ ២០១៨ ដែលជាផ្នែកមួយនៃដំណើរស្វែងរកការទទួលស្គាល់ប្រទេសខ្លួន ក្នុងនាមជារដ្ឋនុយក្លេអ៊ែរមួយ។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយទីក្រុងសេអ៊ូល បានរៀបរាប់អំពីការព្យាករណ៍របស់ពួកគេថា «កូរ៉េខាងជើង នឹងបន្តបង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដើម្បីស្វែងរកច្រកចេញទៅកាន់ពិភពខាងក្រៅ ខណៈដែលរបបមួយនេះ អាចនឹងស្វែងរកលទ្ធភាពនៃការចរចា ជាមួយមហាអំណាចផងដែរ។

ប្រភពដដែលបានបន្ថែមថា ក្រុងព្យុងយ៉ាងក៏ទំនងជានឹងចូលរួមជាមួយកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងវិញផងដែរ។

សូមជំរាបថា ចាប់តាំងពីការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប របស់កូរ៉េខាងជើង និងការដាក់ពង្រាយនាវាចម្បាំងអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ កាលពីខែមេសាកន្លងមក បានធ្វើឲ្យកូរ៉េខាងជើងក្លាយជាចំណុចកណ្តាលនៃវិបត្តិអាវុធមីស៊ីល ខណៈមានសញ្ញាបង្ហាញការកែលម្អតិចតួចប៉ុណ្ណោះ ដែលនាំឲ្យស្ថានភាពក្នុងតំបន់ កាន់តែអាក្រក់ទៅៗ ដោយមេដឹកនាំអាមេរិក បាននិយាយថា នឹងប្រើសកម្មភាពយោធា ដើម្បីប្រឆាំងជាមួយកូរ៉េខាងជើង ប្រសិនបើពួកគេមិនព្រមបញ្ឈប់ការអភិវឌ្ឍ និងការសាកល្បងអាវុធប្រល័យលោករបស់ពួកគេ៕

មតិយោបល់