អ៊ីស្រាអែលៈ កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) បានតម្រង់គោលដៅទៅលើមូលដ្ឋានយោធា នៃចលនាពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតមកកាន់ទឹកដីខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
តាមការបញ្ជាក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅលើទំព័រ Twitter បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងរ៉ុក្កែត ដែលបានបាញ់ឆ្ពោះទៅកាន់អ៊ីស្រាអែល កាលពីល្ងាចម្សិលមិញ យន្តហោះចម្បាំងរបស់ IAF បានធ្វើការវាយប្រហារសំដៅទៅលើមូលដ្ឋានយោធា ដែលជាកម្មសិទ្ធិរបស់ក្រុមភេរវករហាម៉ាស នៅភាគខាងត្បូងតំបន់ហ្គាហ្សា។
កាលពីថ្ងៃចន្ទ IDF បាននិយាយថា រ៉ុក្កែតមួយគ្រាប់ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់អ៊ីស្រាអែល ប៉ុន្តែពុំមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍ បន្ទាប់ពីការវាយប្រហារនេះទេ។
គួររំឭកថា ឧបទ្ទវហេតុនេះ ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃការកើនទ្បើងភាពតានតឹង រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ដែលបណ្តាលមកពីការសម្រេចចិត្តរបស់អាមេរិក នាពេលថ្មីៗនេះ ក្នុងការទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល៕
មតិយោបល់