ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានប្រើពាក្យសម្ដីវាយប្រហារទៅលើប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយហៅលោកថាជាមនុស្សល្ងង់ បន្ទាប់ពីបានធ្វើការរិះគន់នៅអន្តរជាតិ ទាក់ទងនឹងសង្គ្រាមបង្រ្កាបថ្នាំញៀនរបស់រដ្ឋាភិបាលហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
កាលពីខែមុន ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក Zeid Ra’ad Al Hussein បាននិយាយថា លោក Duterte គួរតែទៅព្យាបាលសតិអារម្មណ៍ នៅពេទ្យវិកលចរិត ខណៈដែលលោកតែងតែ ធ្វើការវាយប្រហារមកលើអង្គការសហប្រជាជាតិ ដែលបានថ្កោលទោស ក៏ដូចជាប្រឆាំងចំពោះគោលនយោបាយ បង្ក្រាបថ្នាំញៀនរបស់លោក។
ឆ្លើយតបនឹងការលើកទ្បើងនេះ លោក Duterte នៅថ្ងៃអង្គារនេះ បាននិយាយថា «ហេ កូនប្រុសស្រីសំផឹង (គឺហៅលោក Zeid) តើខ្ញុំពិតជាត្រូវទៅពេទ្យវិកលចរិតមែនឬ?។
ដោយលោកបានបន្ថែមថា «គ្រូពេទ្យវិកលចរិត បានប្រាប់ខ្ញុំហើយថា៖ ខ្ញុំមិនអីនោះទេ ដោយលើកទ្បើងទៀតថា ខ្ញុំជាមនុស្សម្នាក់ ដែលគ្រាន់តែចូលចិត្តជេរ និងដាក់បណ្តាសាគេប៉ុណ្ណោះ»៕
មតិយោបល់