អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសលោក Rex Tillerson
Tillerson នាយកប្រតិបត្តិក្រុមហ៊ុន ExxonMobil ជាបេក្ខជនសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោកត្រាំនិយាយថា ចំណេះដឹងរបស់លោក Tillerson ក្នុងការគ្រប់គ្រងក្រុមហ៊ុនលំដាប់ពិភពលោកនេះ មានសារៈសំខាន់សម្រាប់ការដឹកនាំក្រសួងការបរទេស ឱ្យទទួលបានជោគជ័យក្នុងតំបន់ និងសកលលោក។
លោក John McCain ប្រធានគណៈកម្មាធិការសេវាកម្មយោធា បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា ទំនាក់ទំនងរបស់លោក Tillerson ជាមួយនឹងលោក Vladmir Putin ប្រធានាធិបតីរុស្ស៊ី គឺជាការព្រួយបារម្ភ ដោយសារលោក Tillerson មានទំនាក់ទំនងស្និទ្ធស្នាល ជាមួយនឹងប្រធានាធិបតីរុស្ស៊ី ហើយលោកបានធ្វើការនៅក្នុងក្រុមហ៊ុននេះ ចំនួន៤១ឆ្នាំមកហើយ។
លោក Reince Priebus នាយកខុទ្ទកាល័យសេតវិមាន បានប្រាប់បណ្តាញទូរទស្សន៍ MSNBC ថា លោក Tillerson ជាអ្នកការទូតដែលអាចធ្វើឲ្យក្រសួងការបរទេស បានទទួលជោគជ័យ។ លោក Priebus បាននិយាយបន្តទៀតថា លោក Tillerson អាយុ៦៤ឆ្នាំ បានរក្សាទំនាក់ទំនងដ៏ល្អ នៅទីកន្លែងជាច្រើន ទូទាំងពិភពលោកដែលមិនមែនជាទីកន្លែងងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនង ក្នុងអំឡុងពេលដ៏លំបាករបស់រដ្ឋាភិបាលនានា៕
មតិយោបល់