ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចោទប្រកាន់ប្រទេសជាសត្រូវ កំពុងអុជអាលឲ្យមានបាតុកម្មតវ៉ា ខណៈអាមេរិក ចង់ស្វែងរកកិច្ចចរចាអន្តរជាតិជាបន្ទាន់

អ៊ីរ៉ង់ៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះប្រទេសជាសត្រូវមួយចំនួន ដែលបានញុះញង់ឲ្យមានចលាចលប្រមូលផ្ដុំ ប្រឆាំងនឹងរដ្ឋាភិបាល ដោយបានបណ្ដាលឲ្យមានការស្លាប់ និងរបួសជាច្រើននាក់ បន្ទាប់ពីការប៉ះទង្គិចគ្នា ដោយហិង្សារវាងក្រុមបាតុករ និងប៉ូលិស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក Ali Khamenei បានធ្វើឡើងប៉ុន្មានម៉ោង មុនពេលដែលអាមេរិកបាននិយាយថា ខ្លួននឹងស្វែងរកកិច្ចចរចាជាបន្ទាន់មួយ នៅឯអង្គការសហប្រជាជាតិ ស្តីពីបាតុកម្មតវ៉ា នៅក្នុងសាធារណរដ្ឋអ៊ីស្លាម។

ដោយលោកបានបញ្ជាក់ថា សត្រូវរបស់ប្រទេសអ៊ីរ៉ង់ បានចងសម្ព័ន្ធមិត្ត និងបានប្រើប្រាស់មធ្យោបាយជាច្រើនដូចជា លុយ អាវុធ នយោបាយ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីធ្វើឲ្យមានចលាចលនេះកើតទ្បើង នៅក្នុងប្រទេស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃច័ន្ទ ដែលរហូតមកទល់ពេលនេះ ចំនួនមនុស្សស្លាប់ដោយសារបាតុកម្មនេះ បានកើនទ្បើងដល់ ២២ នាក់ហើយ៕

មតិយោបល់