ចិនៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅសប្ដាហ៍នេះ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងរំដោះប្រជាជនចិន (PLA) រាប់ពាន់នាក់ ដោយឲ្យពួកគេបង្កើនស្មារតីដ៏អស្ចារ្យ សម្រាប់ការត្រៀមប្រយុទ្ធ ក្នុងករណីមានសង្គ្រាម ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខទាហានចំនួន ៧,០០០នាក់ ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសចិន ជាមួយការស្លៀកពាក់បែបយោធា មេដឹកនាំចិន បានជំរុញឲ្យបុគ្គលិកយោធា បង្កើតស្មារតីអង់អាច និងខ្លាំងក្លា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ និងបំពេញភារកិច្ច ដែលត្រូវបានផ្តល់ដោយបក្ស និងប្រជាជនឲ្យបានល្អ។
សូមជំរាបថា ទាហានមកពីមូលដ្ឋានយោធាចំនួន ៤,០០០ ទីតាំងនៅទូទាំងប្រទេស បានមកចូលរួមស្តាប់លោក ស៊ី ថ្លែងសុន្ទរកថា ដែលព្រឹត្តិការណ៍នេះ គឺជាលើកទីមួយហើយ ដែលគណៈកម្មាធិការយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំចល័ត សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងមូល។
ក្នុងនោះប្រធានាធិបតីចិន បានអំពាវនាវឲ្យយោធា បង្កើនការស្រាវជ្រាវ ក៏ដូចជាសិក្សាទិន្នន័យ ពាក់ព័ន្ធនឹងសកម្មភាពយោធានានា តាមរយៈឌីជីថល ដើម្បីលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត សម្រាប់កងទ័ព PLA ផងដែរ៕
មតិយោបល់