អាមេរិកៈ អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា គ្រោះបាក់ដីដែលបណ្ដាលមកពីព្យុះដ៏សាហាវ បានបំផ្លាញលំនៅដ្ឋានជាច្រើនខ្នង នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្ស ១៣ នាក់ទៀត ត្រូវបានគេរាយការណ៍ថាស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
នាយកដ្ឋានពន្លត់អគ្គិភ័យនៅតំបន់ Santa Barbara (SBCFD) បាននិយាយថា សាកសពទាំងនោះ ត្រូវបានរកឃើញនៅក្នុងភក់ និងកម្ទេចកម្ទី អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ នៅសង្កាត់ Montecito ភាគពាយព្យនៃទីក្រុង Los Angeles។
ប្រភពដដែល បានបញ្ជាក់នៅលើប្រព័ន្ធសង្គម Twitter ថា មនុស្ស ២៥ នាក់ទៀត បានរងរបួស ដោយនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានគេប្រើសត្វឆ្កែ ដើម្បីស្វែងរកជនរងគ្រោះ នៅតាមផ្ទះជាច្រើនខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង៕
មតិយោបល់