អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនផែនការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរជាតិ ទៅកាន់ស្ថានប័នការពារជាតិ ហើយមិនយូរនោះទេ លោកនឹងលុបបំបាត់រាល់ឧបសគ្គ ដែលរារាំងដល់ការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីបើកផ្លូវឲ្យមានការអភិវឌ្ឍន៍ ក្បាលគ្រាប់នុយក្លេអ៊ែរ ដ៏ភាពមានចម្រូងចម្រាសបន្ថែមទៀត។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ការពិនិត្យឡើងវិញស្តីពីការរៀបចំនុយក្លេអ៊ែរថ្មី (NPR) គឺជាការសម្រេចរបស់សេតវិមាន ដែលបានធ្វើឡើងរៀងរាល់៨ឆ្នាំម្តង ហើយផែនការនេះ រួមមានទាំងគម្រោងលុបការដាក់កំហិតផ្សេងៗលើក្រសួងថាមពល ដើម្បីអនុញ្ញាតឲ្យមានឡើងវិញ នូវការកែច្នៃមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹក (SLBM) Trident D5 ផងដែរ ក្នុងគោលបំណងបង្កើនសក្ដានុពលលើវិស័យការពារជាតិអាមេរិក។
គោលនយោបាយថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើទ្បើងដើម្បីរារាំងរុស្ស៊ី បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ថា វិមានក្រឹមទ្បាំង បានអភិវឌ្ឍ និងបាញ់សាកល្បងកាំជ្រួចមីស៊ីល Cruise រំលោភបំពានលើសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) នាសម័យសង្គ្រាមត្រជាក់ ដែលបានបង្កើតឡើង ដោយអាមេរិក និងសហភាពសូវៀតឆ្នាំ ១៩៨៧ ។
សូមជំរាបថា ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ក៏ត្រូវបានរដ្ឋាភិបាលក្រុងម៉ូស្គូ ធ្វើការបដិសេធផងដែរ ដោយបានលើកទ្បើងថា វាជាព័ត៌មានមិនពិតនោះទេ៕

មតិយោបល់