មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមឡើងវិញនូវការទទួលសំណើដើម្បីផ្ដល់សិទ្ធិជាថ្មីដល់ជនអន្តោប្រវេសន៍ ដោយនឹងផ្អាកសកម្មភាពបញ្ជូនជនអន្តោប្រវេសន៍ ដែលចូលមកកាន់អាមេរិក ដោយខុសច្បាប់តាំងពីនៅកុមារ ហៅកាត់ថា DACA ចេញពីទឹកដីប្រទេសខ្លួនផងដែរ។ នេះបើយោងតាមរយៈសារព័ត៌មានអាមេរិក CNN ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
កាលពីខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ លោក Trump បានលុបចោលនូវកម្មវិធី DACA នេះ ដែលនេះជាកម្មវិធីមួយបង្កើតឡើងដោយអតីតប្រធានាធិបតី Barack Obama ដើម្បីការពារជនអន្តោប្រវេសន៍ជិត ៨ សែននាក់ ពីការបញ្ជូនចេញពីសហរដ្ឋអាមេរិក ដែលជនអន្តោប្រវេសន៍ទាំងនោះត្រូវបានឪពុកម្ដាយពួកគេនាំចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីពួកគេនៅជាកុមារ ហើយឥឡូវនេះ អ្នកទាំងនោះនៅតែរស់នៅដោយខុសច្បាប់ដដែលនៅក្នុងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បានប្រកាសនៅលើវិបសាយរបស់ខ្លួនយ៉ាងដូច្នេះថា៖ «រហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត គោលនយោបាយនៃកម្មវិធី DACA នេះ នឹងដំណើរការជាធម្មតាស្របទៅតាមលក្ខខណ្ ឌដែលមានចែងស្រាប់មុនពេលដែលកម្មវិធីនេះ ត្រូវបានរំលាយចោលកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ»។
សេចក្ដីប្រកាសនោះ បានបញ្ជាក់ថា អ្នកដែលពីមុនទទួលបានសិទ្ធិការពារពីការបញ្ជូនចេញពីសហរដ្ឋអាមេរិកក្រោមកម្មវិធី DACA នេះ អាចដាក់ពាក្យសុំឲ្យមានការបន្តជូននូវសិទ្ធិដូចនេះដល់ខ្លួនឡើងវិញ។ សេចក្ដីប្រកាសនោះ បានបន្ថែមទៀតថា ទីភ្នាក់ងារសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក នឹងមិនទទួលសំណើពីអ្នកដែលមិនដែលទទួលបានសិទ្ធិក្រោមកម្មវិធី DACA នេះនោះទេ។
សូមជំរាបថា ៖ ការពន្យារពេលកម្មវិធី DACA នេះ បានផ្ដល់សេរីភាពឲ្យរដ្ឋអាជ្ញាធ្វើការសម្រេចលើការពង្រឹងច្បាប់អន្តោប្រវេសន៍៕
មតិយោបល់