ក្នុងចំណោមតារាចម្រៀងទាំងអស់ប្រចាំផលិតកម្ម BN គេកត់សម្គាល់ថា តារាចម្រៀងវ័យក្មេងលោក សុគន្ធ ដេវីដ គឺជាតារាចម្រៀងលេចធ្លោរនាំមុខគេ តែម្នាក់គត់នៅក្នុងផលិតកម្មនេះ។ ទាំងប្រជាប្រិយក្នុងបទចម្រៀង និងការសម្ដែង គេអាចនិយាយបានថា មិនទាន់មានតារាចម្រៀងនៅក្នុងទ្រនំរួមជាមួយលោកណាមួយ កន្ទ្រាក់បានភាពលេចធ្លោរជាងតារារូបនេះនៅឡើយទេ ដោយគេកត់សម្គាល់ថា វត្តមានរបស់តារារូបនេះនៅក្នុងផលិតកម្ម BN ជួយអោយផលិតកម្ម BN កាន់តែមានឈ្មោះបោះសំឡេង គ្រប់វេទិកាដែលលោកបង្ហាញខ្លួនច្រៀងរាំនោះផង។
ថ្វីដ្បិតថាតារាចម្រៀងមួយចំនួននៅក្នុងផលិតកម្ម BN ត្រូវគេឃើញបែកខ្ញែកព្រោះតែការបែកបាក់ផ្ទៃក្នុង រវាងម្ចាស់ផលិតកម្ម និងអ្នកគ្រប់គ្រងនាមួយរយៈមុន ក៏ផលិតកម្មមួយនេះ នៅតែបានពង្រឹងជំហរប្រមែប្រមូលយកតារាចម្រៀងយុវវ័យល្អៗ នៅជ្រកកោនយ៉ាងរឹងមាំ។ តារាចម្រៀងច្រើនឡើង បានបញ្ចេញបទចម្រៀង និងបញ្ចេញស្នាដៃលើឆាកតន្ត្រីធ្វើអោយមានការទទួលស្គាល់ ដែលអាចនិយាយបានថា ផលិតកម្ម BN មិនចុះខ្សោយសកម្មភាពដូចអ្វី ដែលធ្លាប់ព្រួយបារម្ភនោះទេ។
ក្នុងនោះផលិតកម្ម BN ក៏បានបញ្ចូលតារាចម្រៀងថ្មីៗ ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពសិល្បៈរួចទៅហើយ អោយក្លាយជាតារាចម្រៀងកុងត្រារបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍នោះផង ដោយបានទាំងបញ្ចេញបទអោយតារាចាស់ថ្មីម្នាក់ៗ ទាំងបទមនោសញ្ចេតនា បទរ៉េប និងបទញាក់កន្ត្រាក់អារម្មណ៍ វាយលុកទីផ្សារកាន់តែខ្លាំង។
យ៉ាងណាមិញ គេនៅតែមើលឃើញថាតារាចម្រៀងទាំងអ្នកចំណូលថ្មី និងក្នុងជំនាន់ នៅមិនទាន់មានតារាចម្រៀងណាម្នាក់ កន្ទ្រាក់បានទីផ្សារលោតខ្លាំងបានស្មើនឹងលោក សុគន្ធ ដេវីដ នោះទេ។ កាលពីមុន លោកស្ថិតក្នុងការប្រទាញប្រទង់ជាមួយ កញ្ញា ម៉ាលីស ម្ចាស់បទ ទាល់តែយូរបានសុីអូនបាន តែក្រោយនាងហើរចោលទ្រនំ BN គឺលោកអត់មានគូប្រជែងតែម្ដង។ ទាំងកម្មវិធីលើឆាកទូរទស្សន៍ ទាំងលើឆាកប្រគំតន្ត្រីខេត្តក្រុង និងកម្មវិធីសប្បុរសធម៌ធំៗ តារាចម្រៀងរូបនេះកន្ទ្រាក់បានការងារ និងភាពលេចធ្លោរជាងក្នុងចំណោមតារាឡើង កូដរបស់ BN ដែលនៅសេសសល់ និងចូលជ្រកថ្មី។ សូម្បីតែបទចម្រៀងភាគច្រើន ដែលលោកចេញបង្ហោះ ក៏លោកសុគន្ធ ដេវីដ ទទួលបានការគាំទ្រនាំមុខសមាជិករួមក្រុមផងដែរ ថ្វីដ្បិតថាបទ«សង្សារចរឹតបាន» បានវាយសំពងអោយលោករងការអាម៉ាស់មួយប្រាវ។
បទ«អនាគតអូននឹងល្អបើគ្មានបង!» បទ«សុំទោសបុប្ផាស្វាយរៀង» បទ«ស្នេហាធ្វើអោយឈឺចាប់» និងបទ«មនុស្សក្នុងបេះដូងបងគឺអូន»សុទ្ធតែជាបទដែលធ្វើអោយលោកសុគន្ធ ដេវីដ ឈានឡើង ហើយប្រមូលបានការគាំទ្រខ្លាំងក្លា ដោយការបង្ហាញខ្លួនរបស់លោក នៅក្នុងវេទិកាសប្បុរសធម៌របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី១៣ មករា គឺជាភស្ដុតាងស្រាប់។ គ្រាន់តែប្រកាសថា លោកឡើងបកស្រាយបទចម្រៀងលើឆាកតន្ត្រី មានអ្នកគាំទ្រភាគច្រើនហ៊ោកញ្ជ្រៀវ សុំចាប់ដៃ និងសុំថតរូបជាមួយ។
២បទចម្រៀងដែលលោកឡើងបង្ហើលើវេទិកាសប្បុរសធម៌នាថ្ងៃនោះ ក៏មានអ្នកឈរកកកុញនៅខាងមុខវេទិកា ចេះច្រៀងបន្ទឡើងខ្ទរផង ទើបគេឃើញថាលោកគឺជាតារាចម្រៀងខ្លាំងម្នាក់សម្រាប់តារាដែលជ្រកក្នុងផលិតកម្ម BN។ អ្នកគាំទ្រមួយចំនួនបានអះអាងថា មិនចាប់អារម្មណ៍ថា លោកស្ថិតនៅក្នុងផលិតកម្មចម្រៀងណានោះទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺបទចម្រៀងរបស់លោក និងការបង្ហាះខ្លួនរបស់លោក។ អ្នកខ្លះបានទាំងអះអាងថា លោកជាតារាយុវវ័យដែលមានទីផ្សារ និងមានប្រជាប្រិយខ្ពស់ត្រដែតទៅហើយ តែនៅបន្តជ្រកក្នុងផលិតកម្មBN ដោយមិនខ្ចីបោះបង់ផលិតកម្មកម្សត់កម្រ ធ្វើអោយនរណាៗក៏ថា BN ជាផលិតកម្មសំណាងមួយនោះផង។
មកទល់ពេលនេះ លោកសុគន្ធ ដេវីដ ត្រូវគេមើលឃើញថាគឺជាតួឯកនាំមុខគេតែម្នាក់នៅក្នុងផលិតកម្ម BN ដោយគ្រប់កម្មវិធីធំៗ ក្រោមការរៀបចំរបស់ផលិតកម្មមួយនេះ គេអាចនិយាយបានថា មិនអាចបាត់មុខរូបលោកបានទេ ដើម្បីអោយផលិតកម្មBN កន្ទ្រាក់បានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ លោកសុគន្ធ ដេវីដ បានប្រកាសថា នៅក្នុងកម្មវិធីសប្បុរសធម៌របស់ «គ្រួសារតារាកម្ពុជា»នៅភូមិន្ទភ្នំពេញនាថ្ងៃនោះថា លោកនឹងបង្កើតក្រុមរាំផ្ទាល់ខ្លួន ហើយនឹងប្រឹងប្រែងផលិតបទចម្រៀង អោយបានល្អវាយលុកទីផ្សារ ក្នុងនាមជាតារាសំបូរក្បាច់រាំ ក្នុងនោះលោកក៍មានអ្នករ៉េបផ្ទាល់ ដែលត្រូវគេស្គាល់ថា ជាអ្នក Mix ភ្លេងវ័យក្មេងឈ្មោះ សុផាត ផងដែរ ពិតជាពិបាកអោយតារារួមក្រុមប្រជែងយកតំណែងនាំមុខពីលោកនៅក្នុងផលិតកម្ម BN៕
មតិយោបល់