រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ទណ្ឌកម្មលើប្រទេសខ្លួន ពីសំណាក់សហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋាន ហើយក៏នឹងមិនប៉ះពាល់ដល់នយោបាយបរទេសរបស់ទីក្រុងម៉ូស្គូទ្បើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតក្នុងស្រុកមួយថា «យើងបានពិចារណាអំពីការដាក់ទណ្ឌកម្ម របស់ក្រុងវ៉ាស៊ីនតោនមកលើវិមានក្រឹមទ្បាំង គឺគ្មានមូលដ្ឋាននោះទេ ដែលវាអាចជាហេតុផលណាមួយនៅពីក្រោយខ្នងរបស់ពួកគេ … ខណៈរូបលោក បានបញ្ជាក់ថា គោលនយោបាយដ៏ស្មោះត្រង់ និងបើកចំហ ក៏ដូចជាស្ថាបនារបស់រុស្ស៊ី នឹងមិនអាចផ្លាស់ប្តូរបានទេ ដោយសារពួកគេ។
ការកត់សម្គាល់របស់លោក គឺជាការឆ្លើយតបទៅនឹងការចេញផ្សាយរបាយការណ៍ពីរ ដែលធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ទាក់ទងនឹងប្រវត្តិរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ទៅលើក្រុងម៉ូស្គូ។
រដ្ឋមន្ត្រីរូបនេះ បានលើកទ្បើងថា «គោលនយោបាយការបរទេសរបស់រុស្ស៊ី គឺផ្អែកលើផលប្រយោជន៍ជាតិជាធំ ហើយក៏មិនអាចដាក់សម្ពាធពីបរទេសបានទ្បើយ ដោយលោកអះអាងថា គោលនយោបាយការបរទេសរបស់យើង ទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសង្គម ដែលវាជាភស្តុតាងដ៏ល្អបំផុតបង្ហាញថា ការប៉ុនប៉ងផ្លាស់ប្តូរគោលនយោបាយបរទេស របស់យើង ដោយការដាក់សម្ពាធលើក្រុមឥស្សរជន និងក្រុមហ៊ុនមួយចំនួនរបស់យើង មិនទទួលបានជោគជ័យនោះទេ»៕


មតិយោបល់