ព័ត៌មានអន្តរជាតិ

ប្រទេសហ្សំប៊ីខ្វះស្បៀងខ្លាំង សូម្បីតែពោតក្រហមក៏លែងឲ្យនាំចេញ

(លូសាកា)៖ ប្រទេសហ្សំប៊ី ដ៏ក្រីក្រមួយនៅតំបន់អាហ្វ្រិក បានប្រកាសផ្អាកការនាំចេញពោតក្រហម ទៅក្រៅប្រទេសតែម្តង នៅដើមសប្តាហ៍នេះ ក៏ព្រោះតែមានការខ្វះខាតកសិផលប្រភេទនេះនៅក្នុង ស្រុក ស្របពេលដែលតម្លៃរបស់វាក៏កំពុងកើនឡើងខ្ពស់មិនធ្លាប់មានផងដែរ។ នេះបើតាមការចេញ ផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
តាមសម្តីរដ្ឋមន្ត្រីកសិកម្មហ្សំប៊ីលោក Julius Shawa ដែលបានបង្កើតក្រុមការងារដោះស្រាយ បញ្ហានេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកមួយនេះកំពុងខ្វះខាតការផ្គត់ផ្គង់ពោតក្រហមមិនធ្លាប់មាន ពីមុនមក ដែលជាហេតុនាំឲ្យការនាំចេញទៅកាន់ប្រទេសនានាត្រូវផ្អាកសិន។
គួរបញ្ជាក់ថា ពោតជាដំណាំដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេសរបស់ហ្សំប៊ី ប៉ុន្តែដោយសារតែឆ្នាំនេះ គ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ បានកើតឡើងធ្ងន់ធ្ងរ ទើបធ្វើឲ្យដំណាំដ៏សំខាន់នេះ ធ្លាក់ចុះទិន្នផល បង្កជាការព្រួយបារម្ភជាខ្លាំងសម្រាប់ការផលិតចំណីអាហារ ក្នុងប្រទេស អាហ្វ្រិកមួយនេះ៕


មតិយោបល់