ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថាចិនកំពុងព្យាយាមជ្រៀតជ្រែក និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតអាមេរិកនាពេលខាងមុខ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតសភាអាមេរិក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយនិយាយថា ក្រុងប៉េកាំង មិនចង់ឲ្យគណបក្សសាធារណរដ្ឋរបស់លោក ធ្វើបានល្អដោយសារតែជំហររឹងរូសរបស់លោក លើការធ្វើពាណិជ្ជកម្ម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក​ ​ត្រាំ ​បាន​និយាយក្នុង​អំឡុង​នៃ​ការ​ថ្លែងសុន្ទរកថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា «ជារឿងដ៏​សោក​ស្តាយបំផុត នូវអ្វីដែលយើង​បាន​រក​ឃើញអំពីបំណងនៃការ​ប៉ុនប៉ងរបស់ចិន ដែ​លបាន​​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោតអាមេរិក ដើម្បី​ប្រឆាំង​នឹង​រដ្ឋ​បាល​របស់លោក»។

ដោយលោក ត្រាំ ​បាន​បន្ថែមថា ក្រុងប៉េកាំង ​មិនចង់​ឲ្យ​លោក​ឈ្នះ​ឆ្នោតនោះ​ទេ ​ពី​ព្រោះ​លោកជា​ប្រធានា​ធិបតី​​ទី​១ហើយ ​ដែលមានជម្លោះ​ពាណិជ្ជកម្ម ជាមួយចិន។​ ខណៈលោកបានបញ្ជាក់ទៀតថា ទោះជាយ៉ាងណា ​អាមេរិកនឹង​ឈ្នះ​លើសង្គ្រាម​ពាណិជ្ជកម្ម​មួយនេះ។

យ៉ាងណាមិញលោក ត្រាំ មិនបានផ្តល់ភ័ស្តុតាងណាមួយទេ កាលពីថ្ងៃពុធ ចំពោះការចោទប្រកាន់របស់លោក ខណៈដែលក្រុងប៉េកាំង បានច្រានចោលបទចោទប្រកាន់មួយនេះផងដែរ៕

មតិយោបល់