ព័ត៌មានអន្តរជាតិ

ប្រទេសម៉ាល់ឌីវ នឹងទៅជាយ៉ាងណា ក្រោយប្រធានាធិបតី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន

កាល​ពី​ថ្ងៃចន្ទលោកប្រធានាធិបតី​ម៉ាល់ឌីវ Abdulla Yameen ​បាន​ប្រកាស​ដាក់​ប្រទេស​នេះ​ក្នុង​ភាពអាសន្ន​ចំនួន​១៥ថ្ងៃ​ ដោយសារ​តែ​វិបត្តិនយោបាយ​។នេះបើតាមរយៈសារព័ត៌មានអាមេរិក CNN ចេញផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​មន្ត្រី​របស់​លោក​បាន​ឲ្យ​ដឹង​ថា «រដ្ឋាភិបាល​ម៉ាល់ឌីវ​នឹង​ធានា​រក្សា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ម៉ាល់ឌីវ​ សហគមន៍​អន្តរជាតិ​ និង​ជនបរទេស​ទាំងអស់​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ»។

រដ្ឋបាល​របស់​លោក Yameen បាន​បដិសេធ​មិន​ធ្វើ​តាម​ការបញ្ជា​របស់​តុលាការ​កាល​ពី​សប្តាហ៍​មុន​ ឲ្យ​លោក​ដោះលែង​អ្នកទោស​នយោបាយ​ ហើយ​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​ លោកប្រធានាធិបតី​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​លុបចោល​បញ្ជា​នេះ​វិញ។

អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​រិះគន់​ទៅលើ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃចន្ទ​ ដោយ​បាន​ព្រមាន​ថា​ ការណ៍​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​បង្ក្រាប​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ។

លោក Dinushika Dissanayake អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស Amnesty International ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង​បាន​ថ្លែង​ថា «ការ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ក្នុង​ប្រទេស​ម៉ាល់ឌីវ​ បង្ក​ឲ្យ​មាន​ការបារម្ភ​កាន់​តែខ្លាំង​នៅ​ស្របពេល​មាន​វិបត្តិ​នយោបាយ​កើតឡើង​នៅក្នុង​ប្រទេស​នេះ។ ក៏ប៉ុន្តែ​ការ​គោរព​សិទ្ធិមនុស្ស​នឹង​មិន​ត្រូវក្លាយ​ជា​បញ្ហា​បន្ថែម​ទៀត​នោះ»។

មតិយោបល់