ព័ត៌មានអន្តរជាតិ

Update៖ ការរំពឹងទុកនៃអ្នករស់រានមានជីវិត ​ចំពោះក្រុមកីទ្បាករបាល់ទាត់ថៃ និងជំនួយ​ការគ្រូបង្វឹកទាំង​១៣នាក់ កាន់តែអស់សង្ឃឹម ខណៈការរុករកមិនទាន់មានតំរុយ

ថៃៈ ការបាត់ខ្លួនដ៏អាថ៌កំបាំងនៃមនុស្សទាំង ១៣នាក់ បន្ទាប់ពួកគេបាននាំគ្នាចូលទៅក្នុងល្អាងភ្នំមួយ នៅពុំទាន់មានតំរុយនៅទ្បើយទេ ខណៈប្រតិបត្តិការជួយសង្គ្រោះជាតិ និងអន្តរជាតិ នៅតែបន្តរុករកយ៉ាងសស្រាក់សស្រាំ។ នេះបើតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

អាជ្ញាធរថៃ​ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ឧបករណ៍ខួងអណ្តូង​ ត្រូវបានគេដាក់ឲ្យដំណើរ​ ដើម្បី​ប្រតិបត្តិការតាមរុករក​ក្រុមកីឡាករបាល់ទាត់​ចំនួន ១២នាក់ រួមទាំងជំនួយ​ការគ្រូបង្វឹក​ម្នាក់ ដែលបានបាត់​​ដំណឹងយ៉ាងអាថ៌កំបាំង នៅក្នុងល្អាងភ្នំ​ Tham Luan ដែលត្រូវទឹក​ជន់លិច ស្ថិតនៅភាគខាងជើងខេត្តឈៀងរ៉ៃ ចាប់តាំងតែ​ពីថ្ងៃសៅរ៍សប្តាហ៍​មុន។

ប្រភពដដែលបានបញ្ជាក់ថា ម៉ាស៊ីនចល័ត​សម្រាប់ខួងធំៗចំនួន ៥គ្រឿង ត្រូវបានដាក់​ដំណើរការនៅកន្លែង​កើតហេតុ ដោយ​អាជ្ញាធរថៃ ​ជាអ្នកជ្រើសរើស​កន្លែង​ដែល​​ប្រសើរបំផុត ក្នុងការខួងបើកផ្លូវទឹក​ឲ្យហូរចេញពីល្អាងភ្នំ​បានរហ័សជាងមុន ប៉ុន្តែវាមិនមែន​ជារឿងងាយស្រួល​ប៉ុន្មានទ្បើយ ខណៈដែលទឹកជនន់​នៅមាត់ល្អាង បានថយចុះក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕

មតិយោបល់