ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារយ៉ាងខ្លាំងក្លាទៅកាន់អ៊ីរ៉ង់ និងស៊ីរី

អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ និងស៊ីរី បានធ្វើឲ្យទីក្រុងតេអេរ៉ង់ និងក្រុងដាម៉ាសយខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តវាយបកពួកគេតទៅទៀត។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ការថ្លែងរបស់នាយករដ្ឋមន្ត្រី បានសំដៅទៅលើការវាយប្រហារដែនអាកាស ដែលត្រូវបានធ្វើទ្បើងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រឆាំងនឹងគោលដៅយោធារបស់អ៊ីរ៉ង់ និងពួកសកម្មប្រយុទ្ធ នៅក្នុងទឹកដីស៊ីរី ដែលកាលពីម្សិលមិញ អ៊ីស្រាអែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅកាន់យោធាអ៊ីរ៉ង់ និងស៊ីរី ។

ក្នុងនោះលោក ក៏បានប្រាប់ក្រុមរដ្ឋមន្ត្រី នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់ខ្លួនថា «យើងនឹងបន្តវាយប្រហារបក រាល់ការប៉ុនប៉ុង ឬធ្វើបាបណាមួយមកលើយើង»។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានធ្វើការសរសើរចំពោះការវាយប្រហារនេះផងដែរ ដោយនិយាយថា វាជាការបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមានសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ ខណៈរូបលោក បានចង្អុលបង្ហាញថា អ៊ីស្រាអែលត្រៀមខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងណាមួយ ហើយនឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការអនុវត្តវា៕

មតិយោបល់