ព័ត៌មានអន្តរជាតិ

អាមេរិក ច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ចំពោះការវាយប្រហារយ៉ាងឃោឃៅនៅទីក្រុង Ahvaz

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យ បានច្រានចោលការចោទប្រកាន់ របស់ក្រុងតេអេរ៉ង់ ដែលថាក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន គួរត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារតាមក្បួនដង្ហែរយោធាមួយ នៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីការវាយប្រហារភេរវកម្មទៅលើក្បួនដង្ហែរយោធាមួយ នៅភាគនិរតីទីក្រុង Ahvaz កាលពីថ្ងៃសៅរ៍ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ការវាយប្រហារនេះ គឺជាការពង្រីកផែនការរបស់សម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់ ដែលមានបំណងចង់បង្កឲ្យមានអសន្តិសុខ នៅក្នុងប្រទេសអ៊ីរ៉ង់។

ដោយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងរដ្ឋមន្រ្តីក្រសួងការបរទេស Mohammad Javad Zarif ក៏បានលើកឡើងពីការរិះគន់ ដ៏ក្តៅគគុកទៅលើសហរដ្ឋអាមេរិក ដែលបានស្តីបន្ទោសលើអ៊ីរ៉ង់ ចំពោះការវាយប្រហារ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់ និង ៦០នាក់ទៀតរងរបួស។

ជុំវិញការលើកទ្បើងនេះ លោក Pompeo បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា « នៅពេលដែលអ្នក មានឧប្បត្តិហេតុសន្តិសុខក្នុងប្រទេសខ្លួន ហើយមកបន្ទោសអ្នកដទៃ គឺជាកំហុសដ៏ធំមួយ»។

ជាមួយគ្នានោះ លោក Pompeo បានបន្ថែមថា៖ «លោកសូមជូនពរឲ្យលោក Zarif អាចរក្សាការពារប្រជាពលរដ្ឋរបស់ខ្លួន ឲ្យមានសុវត្ថិភាពជាជាងធ្វើឲ្យមានអសន្តិសុខ នៅទូទាំងពិភពលោក»៕

មតិយោបល់