ឥណ្ឌូនេស៊ីៈ ភ្នំភ្លើងស៊ីណាប៊ុង នៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃច័ន្ទនេះ ដោយបង្កឲ្យមានកម្អែលផេះរអិលធ្លាក់ តាមជម្រាលភ្នំកម្ពស់ប្រហែល ៥ គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រមុខទីភ្នាក់ងារស្រាវជ្រាវបាតុភូតភ្នំភ្លើងជាតិ លោក Kasbani បាននិយាយថា «ផេះក្តៅបានរអិលធ្លាក់ចុះកម្ពស់ ៤.៩ គីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៃរណ្តៅភ្នំភ្លើង និង ៣.៥ គីឡូម៉ែត្រទៅខាងកើត ខណៈរូបលោកបានបញ្ជាក់ទៀតថា នេះជាការផ្ទុះដ៏ខ្លាំងបំផុត សម្រាប់ឆ្នាំនេះ»។
យ៉ាងណាមិញលោក Kasbani បានបន្ថែមថា ផេះភ្នំភ្លើងស៊ីណាប៊ុង ដែលស្ថិតនៅក្នុងស្រុក Karo មិនបង្កផលរំខានដល់ការហោះហើរផ្លូវអាកាស នៅក្នុងខេត្តនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខទីភ្នាក់ងាររូបនេះ មិនបានផ្តល់អនុសាសន៍ ឲ្យមានការជម្លៀស ឬក៏មានការរីករាលដាលផលប៉ះពាល់ ទៅកាន់តំបន់ផ្សេងទៀតទ្បើយ៕
មតិយោបល់