កូរ៉េៈ ប្រភពពីខុទ្ទកាល័យប្រធានាធិបតី នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានឆន្ទៈយ៉ាងរឹងមាំ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយអាមេរិក នៅអំទ្បុងពេលគណៈប្រតិភូរបស់ខ្លួន បានចូលរួមក្នុងពិធីបិទការប្រកួត កីឡាអូឡាំពិករដូវរងារ នៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel NewsA Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គណៈប្រតិភូកូរ៉េខាងជើង បានអះអាងថា «កិច្ចចរចាអន្តរកូរ៉េ រួមទាំងទំនាក់ទំនងរវាងអាមេរិក និងទីក្រុងព្យុងយ៉ាង គួរតែមានភាពប្រសើរឡើងជាមួយគ្នា»។
ដោយទីក្រុងព្យុងយ៉ាង ធ្លាប់បាននិយាយជាញឹកញាប់ថា ខ្លួនមានឆន្ទៈដើម្បីចរចា ដោយមិនមានល័ក្ខខ័ណ្ឌទុកជាមុន ជាមួយអាមេរិក ប៉ុន្តែក្រុងវ៉ាស៊ីនតោនបាននិយាយថា កិច្ចពិភាក្សាសម្រាប់ប្រទេសទាំងពីរអាចកើតមានទ្បើង លុះត្រាតែកូរ៉េខាងជើង យល់ព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនជាមុនសិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ អាមេរិកបាននិយាយថា កិច្ចចរចាខ្លួន ជាមួយកូរ៉េខាងជើង អាចនាំទៅរកផ្លូវដ៏ភ្លឺថ្លា សម្រាប់របបដាច់ស្រយាលមួយនេះ ប៉ុន្តែក៏បានព្រមានផងដែរថា ដើម្បីធ្វើវាទៅបានគឺក្រុងព្យុងយ៉ាង ត្រូវតែលុបបំបាត់កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ពួកគេ៕
មតិយោបល់