ព័ត៌មានសេដ្ឋកិច្ច

ត្រឹមខែកុម្ភៈ ចំណូលអង្គរ ទទួលបានជិត ២៧លានដុល្លារ ខណៈ ១សែនដុល្លារកាត់ចូលគន្ធបុប្ផា

ក្នុងខែកុម្ភៈ ភ្ញៀវទេសចរជាង ២.៩សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជិត ១៤លានដុល្លារអាមេរិក កើនឡើងប្រមាណណ ១៦ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។

រយៈពេល ២ខែដំបូង ឆ្នាំ​ ២០១៨នេះ ភ្ញៀវទេសចរជាង ៥.៩សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជិត ២៧លានដុល្លារអាមេរិក កើនឡើងប្រមាណណ ៩ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយចំណូលប្រមាណជាង ១លានដុល្លារ ត្រូវកាត់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឆ្នាំ ២០១៧កន្លងទៅនេះ ចំណូលអង្គរ បានមកពីការលក់សំបុត្រ ទទួលបាន ១០៧លានដុល្លារអាមេរិក ដែលកើនឡើង ៧២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៦។

ភ្ញៀវទេសចរបរទេសជាង ២.៤៥លាននាក់ បានមកទស្សនារមណីយដ្ឋានអង្គរ កើនឡើងប្រមាណ ១១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។

មួយវិញទៀត អង្គរ ជាសម្បត្តិបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រាសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលថ្លៃនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ ។

គួររម្លឹកដែរថា គេហទំព័រ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ដោយលទ្ធផលបានមកពី ការចូលរួមបោះឆ្នោតពី ភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក៕

មតិយោបល់