បរទេស: បច្ចុប្បន្ន កោះណាមីសឹម (Namiseom Island) កំពុងត្រូវប៉ាន់ ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិ គូសង្សារ និយមនាំគ្នាទៅកម្សាន្តសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្អែម ផ្សាភ្ជាប់ជីវិតពិតនឹងធម្មជាតិ នារដូវផ្ការីក និងស្លឹកឈើជ្រុះ ពិសេសត្រូវបានគេទទួលស្គាល់ថា មានសក្តានុពលគៀងគរប្រភពចំណូល លើវិស័យឧស្សាហកម្មគ្មានផ្សែងនេះ បានច្រើនក្រាស់ក្រែល គួរឱ្យកត់សម្គាល់។
ណាមីសឹម (Namiseom Island) គឺជាកោះមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Chuncheon នៃប្រទេសកូរ៉េខាងត្បូង ដ៏មានសម្រស់ស្រស់ត្រកាល។ យោងតាមការការស្រាវជ្រាវ កន្លងមក បានឱ្យដឹងថា កោះនោះ មានទំហំ ៤៣០,០០០ម៉ែត្រ ឆ្ងាយពីតំបន់ Gapyeong ចម្ងាយ ៣.៨គីឡូម៉ែត្រ ឯណោះ។ ជាធម្មតា អ្នកទេសចរកំលោះក្រមុំ និងគូសង្សារ ស្វាមីភរិយា យុវវ័យ ថ្មោងថ្មី អាចធ្វើដំណើរទៅកម្សាន្តបាន តាមរយៈរថយន្ត ឬរថភ្លើង ក៏បាន។
ទិដ្ឋភាពទាំងឡាយ លើកោះណាមីសឹម (Namiseom Island) អាចញ៉ាំងអារម្មណ៍ភ្ញៀវទេសចរ ឱ្យកាន់តែមានភាពរ៉ូមែនតិក ខាងផ្នែកមនោសញ្ជេតនា លន្លង់លន្លោចអណ្តែអណ្តូង សម្រាប់លោកអ្នកនិយម បណ្តែងអារម្មណ៍សោយសុខ លះអស់ទុក្ខកង្វល់ទាំងពួង ដែលហត់នឿយកន្លងមក។ ខណៈពេលធ្វើដំណើរ ដើម្បីមកកម្សាន្ត និងក្រេបច័ន្ទ្រទឹកឃ្មុំ នៅលើកោះនោះទៀតសោត នឹងប្រទះឃើញនូវបណ្តាសត្វស្លាប និងសត្វផ្សេងៗ ជាច្រើនប្រភេទទៀត គួរឱ្យត្រេកត្រអាលចិត្ត។
លើសពីនេះទៅទៀត កោះណាមីសឹម (Namiseom Island) គឺមានទេសភាព យ៉ាងស្រស់បំព្រង ស្របពេលរដូវផ្ការីក និងស្លឹកឈើជ្រុះ បង្កើតបានជាផ្ទាំងទស្សនីយភាព ដំណោយផលបំផុត សម្រាប់លោកអ្នកចង់ថត ព្រីវីឌីង (Pre-Wedding) ជាមួយផ្ទាំងទស្សនីយភាព នៃព្រៃឈើលាយចម្រុះពណ៌ ប្រៀបបីដូចឥន្ទធនូរ យ៉ាងស្រស់បំព្រង បាន និងកំពុងបង្អួតសម្រស់ ដល់អស់ភ្ញៀវទេសចរ ដែលអញ្ជើញមកកម្សាន្តនៅកោះនោះ ដោយមិនដាច់អាល័យ ផងដែរ៕
មតិយោបល់