អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានប្ដេជ្ញាថា នឹងដាក់ពង្រាយកងទ័ព ដើម្បីការពារព្រំដែនភាគខាងត្បូងរបស់អាមេរិក ខណៈដែលក្រុមជនអន្តោប្រវេសន៍ បានធ្វើដំណើរឆ្លងចូលអាមេរិក តាមរយៈព្រំដែនភាគខាងត្បូងជាមួយនឹងប្រទេសម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
មេដឹកនាំអាមេរិក បានចំណាយពេល ៤ ថ្ងៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលម៉ិកស៊ិក ដោយសារតែមិនបានហាមឃាត់មនុស្សប្រមាណ ១,៥០០ នាក់ មកពីប្រទេសហុងឌូរ៉ាស ហ្គាតេម៉ាឡា និងអេលសាលវ៉ាឌ័រ ពីការដើររបស់ពួកគេមកកាន់សហរដ្ឋអាមេរិក។
ដោយលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «រហូតមកដល់ពេលនេះ អាមេរិក អាចមានជញ្ជាំងការពារ និងសន្តិសុខដ៏ត្រឹមត្រូវ ហើយយើងនឹងការពារព្រំដែនរបស់យើង ជាមួយយោធា» ។
ក្នុងនោះលោកបានបន្ថែមថា «ពាក់ព័ន្ធនឹងបញ្ហានេះ លោកក៏បានធ្វើការពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក James Mattis រួចហើយផងដែរ»៕
មតិយោបល់