អាមេរិកៈ មន្ត្រីកូរ៉េខាងជើង បានប្រាប់សមភាគីអាមេរិក របស់ពួកគេថា លោក គីម ជុងអ៊ុន បានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
នេះគឺជាលើកទីមួយហើយ ដែលក្រុងព្យុងយ៉ាង ធ្វើការផ្តល់ជូនដោយផ្ទាល់ទៅកាន់ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដោយបានយកសារលិខិតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅប្រគល់ជូនលោក គីម ជុងអ៊ុន ព្រមទាំងបានពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីរដ្ឋបាលលោក ត្រាំ បានប្រាប់កាសែត The Wall Street Journal និង Washington Post កាលពីថ្ងៃអាទិត្យថា «រដ្ឋាភិបាលខ្លួន បានបញ្ជាក់ថា លោក គីម ជុងអ៊ុន ពិតមានឆន្ទៈចង់ពិភាក្សា អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ជាមួយអាមេរិកប្រាកដមែន» ។
ស្របពេលដែលក្រុងវ៉ាស៊ីនតោន ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសង្កេតការណ៍ នៅពេលដែលអាមេរិក បានប្រកាសកាលពីខែមុនថា ខ្លួនបានយល់ព្រមបើកកិច្ចប្រជុំប្រវត្តិសាស្ត្រជាលើកដំបូង រវាងលោក ត្រាំ និងលោក គីម ដែលនឹងត្រូវរៀបចំឡើង នៅចុងខែឧសភាខាងមុខ៕
មតិយោបល់