អចលន​ទ្រព្យ

ក្រសួងសាធារណការ គ្រោងដាក់ដំណើរការ​ស្ពានអាកាសផ្សារដីហុយ ជាបណ្តោះអាសន្នពេលចូលឆ្នាំខ្មែរ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ដំណើរការ ស្ពានអាកាសស្តុបផ្សារដីហុយ ជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

​ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុបផ្សារដីហុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឱ្យក្រុមបច្ចេកទេស បញ្ចប់ការសាងសង់ ហើយក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ ក៏ពីរខែទៀតដែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយ ការងារដែលនៅសល់។

ទន្ទឹមនេះ អ្វីដែលជាបញ្ហាដែលធ្វើឱ្យដំណើរការសាងសង់ មានភាពយឺតយ៉ាវនោះ គឺដោយសារតែ ការដកខ្សែចម្លងតុងស្យុងកាត់ទទឹងស្ពានអាកាស មិនទាន់ដោះស្រាយបានលឿន និងរួចរាល់នៅឡើយ។

​​ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕

មតិយោបល់