រុស្ស៊ីៈ ប្រភពពីមន្រ្តីយោធាជាន់ខ្ពស់ទីក្រុងម៉ូស្គូម្នាក់ បាននិយាយនៅថ្ងៃច័ន្ទនេះថា យោធារុស្ស៊ីមួយក្រុម នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ស្រុកមួយ នៅប្រទេសអង់គ្លេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
សម្រាប់ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌឯកសារ Vienna Document 2011 ស្តីពីវិធានការកសាងទំនុកចិត្ត និងសុវត្ថិភាព ដែលត្រូវបានកំណត់រវាងប្រទេសទាំងពីរ នៅចន្លោះថ្ងៃទី ២៣ ដល់២៦ ខែមេសាខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Sergei Ryzhkov ប្រធានមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យនុយក្លេអ៊ែ នៃក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យោធារុស្ស៊ីនឹងទៅមើលទីតាំងហ្វឹកហ្វឺន ក៏ដូចជាទទួលយកការចែករំលែកព័ត៌មានអំពីសកម្មភាពយោធា ក្នុងតំបន់ដ៏ជាក់លាក់ របស់ចក្រភពអង់គ្លេសផងដែរ។
សូមជំរាបថា ឯកសារ Vienna Document 2011 គឺជាកិច្ចព្រមព្រៀងមួយរវាងភាគីរដ្ឋនិងរដ្ឋ ដើម្បីកសាងសន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប ក្នុងការលើកកម្ពស់ការចែករំលែកព័ត៌មាន ក៏ដូចជាបង្កើនសន្តិសុខក្នុងតំបន់៕

មតិយោបល់